(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំកសាងឱ្យទៅជានគរបាលរបស់ប្រជាជន ប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យគាត់ខ្លាចរអា តែកាលណាប្រជាពលរដ្ឋខ្លាចអាជ្ញាធរ ខ្លាចនគរបាល គាត់ពិតជាស្អប់យើង គេចមុខពីយើង និងមិនសហការជាមួយយើងនោះទេ។
ការបញ្ជាក់បែបនេះរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលកម្ពស់១០ជាន់ និងអគារសាលប្រជុំកម្ពស់៣ជាន់ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ក្នុងនាមជាមន្ត្រីមូលដ្ឋានត្រូវបម្រើប្រជាពលរដ្ឋ គឺជារឿងសំខាន់ដោយមិនមានការបែងចែក បក្ខពួកជាដាច់ខាត។ យើងត្រូវចងចាំថា រាល់កិច្ចប្រតិបត្តិការរបស់ កងកម្លាំងនគរបាល ជាពិសេសការស្រាវជ្រាវ និងការបង្រ្កាបបទល្មើសគ្រប់ប្រភេទ បើសិនជាមានកិច្ចសហការល្អ និងផ្ដល់ព័ត៌មានទាន់ពេលវេលាពីប្រជាពលរដ្ឋ ពិតជាធ្វើឱ្យការស៊ើបអង្កេតរបស់កងកម្លាំងនគរបាល យើងមានភាពងាយស្រួល និងសម្រេចបានជោគជ័យក្នុងរយៈពេលខ្លី។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា៖ «អញ្ចឹងហើយយើងធ្វើការដើម្បីសងគុណ ដើម្បីបម្រើ និងបំពេញនូវជំនឿទុកចិត្ត ស្របតាមជំនឿទុកចិត្តរបស់រដ្ឋាភិបាល របស់ក្រសួង អគ្គស្នងការនគរបាលជាតិ ក៏ដូចជាសប្បុរសជន និងជាពិសេស គឺប្រជាពលរដ្ឋ ដែលគាត់មានក្តីសង្ឃឹមមកលើយើង ធ្វើម៉េចយើងត្រូវខិតខំកសាងនគរបាលរបស់យើង ឱ្យទៅជានគរបាលរបស់ប្រជាជន ប្រជាជនជឿទុកចិត្ត ប្រជាជនស្រឡាញ់ កុំឱ្យគាត់ខ្លាចរអា មានអីគាត់សហការ គាត់ផ្តល់ព័ត៌មាន ដល់យើង ធ្វើយ៉ាងម៉េចយើងត្រូវអនុវត្តពាក្យស្លោកថា (ប្រជាជនម្នាក់ ជានគរបាលម្នាក់) យើងអាចធ្វើបានបញ្ហានេះ យើងមិនចាំបាច់មាននគរបាលច្រើនលើសលប់ទេ»។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ការធ្វើកំណែទម្រង់កងកម្លាំងនគរបាលជាតិត្រូវផ្ដោតលើការពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារ ឧបករណ៍ និងមធ្យោបាយនានា សម្រាប់បំពេញតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពប្រតិបត្តិការ។ ទាក់ទងនឹងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនគរបាល ក្រសួងមហាផ្ទៃបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ព្រមទាំងតម្រូវឱ្យថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលជំនាញនគរបាលយ៉ាងតិច ២ខែកន្លះ។
«ការផ្តល់សេវាប្រកបដោយគ្មានការរើសអើង គ្មានការបែងចែកណុងវាសំខាន់ ជាក់ស្តែងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមិនមានការសួរនាំថាមកពីគណបក្សណានោះទេ ទាំងនេះជាបទពិសោធន៍ល្អរបស់យើង»។ នេះជាបញ្ជាក់បន្ថែមរបស់សម្តេចក្រឡាហោម ស ខេង។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានថ្លែងការកោតសរសើរចំពោះវីរភាពរបស់កងម្លាំងនគរបាលជាតិទាំងក្នុងក្របខណ្ឌថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចទទួលខុសត្រូវរបស់ខ្លួន យ៉ាងសកម្មទាក់ទងនឹងការរក្សាសន្តិសុខជាតិ សណ្ដាប់សាធារណៈ សុវត្ថិភាពសង្គម និងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទ ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ទាំងថ្ងៃទំាងយប់ ដោយមិនគិតការនឿយហត់ ហើយពេលខ្លះមានរបួសនិងពលីជីវិតថែមទៀតផង។ ជាលទ្ធផលពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសចរាចរណ៍ និងបទល្មើសគ្រប់ប្រភេទ ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឱ្យកត់សម្គាល់។
សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា បានជួបវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរីករាលដាលជំងឺកូវីដ១៩ កងកម្លាំងនគរបាលក៏បានចូលរួមយ៉ាងសកម្មផងដែរ ក្នុងការអនុវត្ដនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល។ ទាំងនេះសុទ្ធតែជាស្នាដៃ និងគុណសម្បត្តិដ៏ថ្លៃថ្លារបស់កងកម្លាំងនគរបាលជាតិ ដែលទទួលបានជោគជ័យក្នុងការបំពេញបេសកម្មដ៏ពិសិដ្ឋរបស់ខ្លួន៕