Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អតីតប្រធានាធិបតី និងរដ្ឋមន្ត្រីក្រសួងរ៉ែមីយ៉ាន់ម៉ា រងការចោទប្រកាន់រឿងទទួលសំណូកពីក្រុម រកស៊ីត្បូង និងគ្រឿងអលង្ការ

03-06-2016 01:20

(ណៃពិដោ)៖ អតីតរដ្ឋមន្ត្រីក្រសួងរ៉ែលោក Myunt Aung បានចេញមុខបដិសេធនូវការចោទប្រកាន់ រូបលោក និងអតីតប្រធានាធិបតីលោក យូ ធេនសេន ថាបានលួចលាក់កាន់កាប់សមាគមក្រុមហ៊ុន ជួញដូរត្បូង និង គ្រឿងអលង្ការ ដែលមានតម្លៃ ៨០លានដុល្លារ ដូចមានចុះផ្សាយតាមសារព័ត៌មាន ក្នុងស្រុកមួយចំនួន។ នេះបើតាមការចេញ ផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០១៦។

ការចេញមុខច្រានចោលខាងលើនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្ស របស់លោកស្រី អោងសាន ស៊ូជី បានប្រកាសថា ស្ថាប័នច្បាប់នឹងចាត់វិធានការទៅតាមនីតិវិធី លើការចោទប្រកាន់នានា បើទោះបីជាមន្ត្រីរដ្ឋាភិបាលមុនៗនោះផុតអណត្តិក៏ដោយ។

ថ្លែងចំពោះបញ្ហានេះលោក Aung បានបញ្ជាក់ថា «សារព័ត៌មានខ្លះ បានសរសេរឡើងដោយ ការសន្មត់ខ្លួនឯង និងគ្មានការស៊ើបអង្កេតរកភស្តុតាងត្រឹមត្រូវ។ ការចុះផ្សាយបែបនេះ វាមិនត្រឹមតែ នាំឲ្យខូចឈ្មោះខ្ញុំប៉ុណ្ណោះទេ ដោយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺប៉ះពាល់ដល់កិត្តិយសរបស់លោក យូ ធេនសេន ដែលជាមេដឹកនាំគណបក្ស ធ្លាប់កាន់អំណាចមួយនៅមីយ៉ាន់ម៉ា»។

គួរបញ្ជាក់ថា លោក យូ ធេនសេន ត្រូវបានគេចោទប្រកាន់លើករណី ប្រើប្រាស់លុយដែលបានមកពី សមាគមខាងលើនេះចំនួន ៧លានដុល្លារអាមេរិក ដើម្បីកសាងមជ្ឈមណ្ឌលសិល្បៈមួយ ប៉ុន្តែលោក អតីតរដ្ឋមន្ត្រីរ៉ែ បានលើកឡើងថា វាជាជំនួយមនុស្សធម៌របស់សមាគមរកស៊ីត្បូង ទៅកាន់រដ្ឋាភិបាល តាមរយៈក្រសួងតែប៉ុណ្ណោះ ដោយមិនបានជាប់ពាក់ព័ន្ធនឹងការទិញទឹកចិត្ត ឬស៊ីសំណូកអ្វីឡើយ៕