(កំពង់ចាម)៖ លោក ឃឹម សិរីវង្ស រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងអភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំប្រារព្ធពិធី ក្រុងពាលីបញ្ចុះបឋមសីលា សាងសង់អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង ៣ជាន់ ៣០បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ស្ថិតនៅភូមិទមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺការលើកកម្ពស់លើវិស័យអប់រំ ការកសាងធនធានមនុស្ស។ ដូច្នេះមនុស្សយើងដើម្បីមានសមត្ថភាព ក្នុងការប្រកួតប្រជែង លើចំណេះដឹងនេះ ត្រូវចាប់ផ្ដើមពីការសិក្សាថ្នាក់មូលដ្ឋានឡើងទៅ ដូច្នេះហើយទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានខិតខំកសាងសាលារៀន យ៉ាងច្រើននៅក្នុងទូទាំងប្រទេស ដូចជាអ្វី ដែលយើងកំពុងបានឃើញនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា អគារសាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន មុនីរង្សី ១ខ្នង ៣ជាន់ មាន៣០បន្ទប់នេះ អាចប្រើរយៈពេលប្រមាណជា៩ខែ ទើបសាងសង់រួចជាស្ថាពរ ហើយសាលានេះ គឺជាការ កសាងធនធានមនុស្ស ចាប់ផ្ដើមពីថ្នាក់មូលដ្ឋាន នឹងធ្វើឲ្យកូនចៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះរៀនសូត្រ ឈានឡើងទៅរកកម្រិតថ្នាក់ឧត្តមសិក្សា បន្តយកការសិក្សាដែលមានកម្រិតជំនាញ ហើយក្រោយបញ្ចប់ការសិក្សា កម្រិតជំនាញ និងឈានឆ្ពោះទៅកាន់ទីផ្សារការងារ ដោយអ្នកខ្លះបន្តចូលទៅធ្វើការនៅវិស័យឯកជន ដើម្បីបានប្រាក់ខែ និងអ្នកខ្លះទៀតប្រលងចូលជាមន្ត្រីរាជការ ដោយពឹងផ្អែកទៅលើសមត្ថភាពរបស់ខ្លួន។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារចុះជួយ មូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ គឺមានបំណងតែមួយគត់ គឺដើម្បីបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ៕