(ព្រះសីហនុ)៖ ក្រោមបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ, នៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកំពុងជិះម៉ូតូ១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ តាមផ្លូវ ដោយសង្ស័យជាមុខសញ្ញាធ្លាប់ឆក់សម្ភារតាមផ្លូវកន្លងមក។

ក្រោយការសួរនាំ ជនសង្ស័យមានឈ្មោះ ឈុន អាន អាយុ១៦ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរមិនពិតប្រាកដ។ ជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀតឈ្មោះ យួន (កំពុងរត់គេចខ្លួន) ពិតជាបានឆក់កាបូបពីជនរងគ្រោះ នៅចំណុចរង្វង់មូលតោ២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៦៖២០នាទីព្រឹក បានសំរេចប្រាកដមែន។

ចំពោះជនសង្ស័យដែលបានរត់គេចខ្លួនខាងលើ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមពេលក្រោយ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី៕