(ស្វាយរៀង)៖ លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុន DA PHiCH lAND បានថ្លែងទៅកាន់ប្រជាពលរដ្ឋជិត២០០នាក់ នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសមិទ្ធផលសាលាឆទានដ៏ថ្មីស្រឡាងនេះ ឲ្យបានយូរអង្វែងទុកជាទីកន្លែងធ្វើបុណ្យធ្វើទានរបស់ប្រជាពុទ្ធបរិស័ទ ខណៈដែលមានពិធីបុណ្យផ្សេងៗនៅក្នុងមូលដ្ឋាន។
ការថ្លែងបែបនេះរបស់លោក ពេជ្រ ដា បានធ្វើឡើងនៅក្នុងពិធីសម្ពោធសាលាឆទាន និងសមិទ្ធផលមួយចំនួនទៀត ដែលចំណាយការកសាងអស់ជិត២ម៉ឺនដុល្លារ ដោយមានការផ្តួចផ្តើមកសាងដោយលោកស្រី សំ សារ៉េត, លោក ពេជ្រ ដា អគ្គនាយកក្រុមហ៊ុន ដា ពេជ្រ លែន និងលោកស្រី, លោក មាស ចក់, អ្នកស្រី ពេជ្រ ស្រីអូន និងលោក ឈាង វិឆៃ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
លោក ពេជ្រ ដា បន្តថា ការដាក់សម្ពោធសាលាឆទាននាពេលនេះ គឺដើម្បីទុកជាសម្បត្តិរួមរបស់ពុទ្ធបរិស័ទគោរពបូជាព្រះពុទ្ធសាសនា រាល់ពេលមានពិធីបុណ្យផ្សេងៗក្នុងភូមិ ម្យ៉ាងទៀតក៏ធ្វើឲ្យវិស័យពុទ្ធចក្រមានការរីកចម្រើន ស្របពេលដែលប្រទេសជាតិកំពុងតែមានសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
លោកបន្ថែមថា កត្តាសុខសន្តិភាពនេះគឺឱកាសមាសឱកាសប្រាក់ ក្នុងការអភិវឌ្ឈន៍ ប្រទេសឲ្យរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិសេសគឺវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ហើយត្រូវបានរាជ រដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកតម្កើងព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទុកសម្រាប់ជាទីសក្ការៈ គោរពបូជា និងប្រតិបត្តិពីសំណាក់ពុទ្ធបរិស័ទទូទៅ។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារសន្តិភាពជាមួយរាជរដ្ឋាភិបាលឱ្យបានគង់វង្ស ពីព្រោះសន្តិភាពគឺមានសារៈសំខាន់ណាស់ មានសន្តិភាពគឺមានការរីកចម្រើន មានសន្តិភាពគឺមានការអភិវឌ្ឍ សុខសន្តិភាពបានធ្វើឱ្យយើងទាំងអស់គ្នាមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងក្នុងការប្រកបមុខរបរ ដើរលេងកំសាន្ត និងការបំពេញបុណ្យកុសលជាដើម។
ជាមួយគ្នានេះ លោកមេឃុំកំពង់ចក បានថ្លែងអំណរគុណសប្បុរសជនជិតឆ្ងាយ ដែលបានចំណាយថវិកាក្នុងការកសាងសាលាឆទាននិងសមិទ្ធផលមួយចំនួនទៀតនៅក្នុងភូមិព្រៃគាវ ដើម្បីទុកជាសម្បត្តិរួមជាទីកន្លែងគោរពបូជា ធ្វើបុណ្យតាមគន្លងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងពិធីសម្ពោធសាលាឆទាននេះលោក ពេជ្រ ដា និងក្រុមការងារ បានចែកជូនអំណោយដល់ប្រជាពុទ្ធបរិស័ទដែលបានចូលរួមជិត២០០នាក់ ក្នុងម្នាក់ៗទទួលបានក្រមា១ និងថវិកាមួយចំនួនផងដែរ៕