(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ចុងឆ្នាំនេះ និងដើមឆ្នាំ២០២៣ខាងមុខ អគារមន្ទីរពេទ្យថ្មីទំនើបៗជាច្រើនអគារ នឹងសាងសង់រួចជាស្ថាពរ ដើម្បីដាក់បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋយើងកាន់តែប្រសើរ។

ក្នុងនោះមានអគារមន្ទីរពេទ្យថ្មីកម្ពស់៤ជាន់ នៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត, អគារថ្មីកម្ពស់៨ជាន់នៃមន្ទីរពេទ្យព្រះអង្គឌួង, អគារថ្មីនៃមន្ទីរពេទ្យកុមារជាតិកម្ពស់៤ជាន់ សាងសង់រួច និងដាក់ដំណើរការចុងឆ្នាំនេះ។ អគារដែលពង្រីក នឹងកំពុងសាងសង់មានអគារនៅមន្ទីរពេទ្យកាល់ម៉ែត, សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, អគារមន្ទីរពេទ្យនៅខេត្តប៉ៃលិន ត្បូងឃ្មុំ មណ្ឌលគិរី រតនគិរី សៀមរាប ឧត្ដរមានជ័យ បៃលិន និងតាមបណ្តាខេត្តផ្សេងៗទៀត ដែលជាថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

អគារថ្មីទាំងអស់នេះនឹងគ្របដណ្ដប់សេវាសុខាភិបាលជូនពលរដ្ឋយើងនៅតាមភូមិសាស្ដ្រឲ្យភាពងាយស្រួលក្នុងការមកទទួលសេវាថែទាំព្យាបាល លើសពីនោះក៏លើកកម្ពស់ ក្នុងការបំពេញការងាររបស់ក្រុមគ្រូពេទ្យផងដែរ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង «បានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង និងថ្លែងដឹងគុណចំពោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្ដល់នូវសុខសន្ដិភាព ស្ថេរភាពនយោបាយ ជាពិសេសឧបត្ថម្ភគាំទ្រលើវិស័យសុខាភិបាល នេះជាការលើកទឹកចិត្ដដល់មន្ដ្រីសុខាភិបាលរបស់យើង ឈានទៅបំពេញការងារបានយ៉ាងជោគជ័យជាបន្ដបន្ទាប់។ ពួកយើងមានមោទនភាពណាស់ ដែលបានបម្រើប្រជាជនយើង គោរពបាននូវភារៈកិច្ច និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី»

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងបុគ្គលិក ក៏បានប្ដេជ្ញាខិតខំប្រឹងប្រែងបន្ដទៀត ក្នុងការពង្រឹង និងពង្រីកគុណភាព សមត្ថភាព ប្រកបដោយគុណធម៌ និងប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋ។

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសចុះពិនិត្យអគារថ្មីរបស់មន្ទីរពេទ្យមិត្ដភាព ខ្មែរ-សូវៀត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «ការពង្រីកអគារមន្ទីរពេទ្យថ្មីនៃមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មានកម្ពស់៤ជាន់ នឹងសាងសង់រួចនៅខែវិច្ឆិកានេះ ដែលបង្ហាញឱ្យឃើញពីការរីកចម្រើនមួយផ្នែកទៀត ដោយអគាអគារថ្មីនេះ អាចដាក់អ្នកជំងឺបានចំនួន ១៥០គ្រែបន្ថែមទៀត លើផ្នែកជំងឺប្រព័ន្ធប្រសាទ និងក្រពះពោះវៀន»

នៅឆ្នាំក្រោយ រាជរដ្ឋាភិបាល នឹងផ្តល់អគារមួយខ្នងបន្ថែមទៀត កម្ពស់១១ជាន់ ដល់មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ដាក់អ្នកជំងឺបានចំនួនជាង៣០០គ្រែ ខណៈមន្ទីរពេទ្យនេះ មានអ្នកជំងឺមកសម្រាកព្យាបាលច្រើន ដោយក្នុងមួយថ្ងៃៗមិនក្រោយ៨០០នាក់នោះទេ។

លើសពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមលក្ខណៈជាស្រេច បើមានបញ្ហាសុខភាពជាយថាហេតុ គឺមានមណ្ឌលព្យាបាលជំងឺកូវីដ-១៩ តេជោសន្តិភាព ស្ថិតនៅក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីទំហំជិត ៨ហិចតា ដែលមានគ្រែសរុប ចំនួន១១,០០០គ្រែ នឹងសាងសង់រួចឆាប់ៗនេះ។ នេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល៕