Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានបង្រៀនភាសាតួកគី ឆាប់ៗនេះ (Video inside)

08-09-2022 14:50

(ភ្នំពេញ)៖ ក្នុងពេលឆាប់ៗខាងមុខនេះ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងមានបង្រៀនភាសាតួកគី (Turkish Language) មួយទៀត ខណៈវិទ្យាស្ថានស្រាវជ្រាវរបស់ជាតិដ៏ធំមួយនេះ បាននិងកំពុងបង្រៀនភាសាបរទេសជាច្រើន។

នេះបើតាមលោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ក្រោយជំនួបជាមួយលោកស្រី អ៊ូឃូ ខូចាអេសហ្វេ (üLKü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា នៅថ្ងៃទី៨ ខៃកញ្ញា ឆ្នាំ២០២២។

លោកបណ្ឌិត ជេត ជាលី បានបញ្ជាក់យ៉ាងដូច្នេះថា «លោកជំទាវឯកអគ្គរដ្ឋទូតនៃប្រទេសតួកគីប្រចាំកម្ពុជា រីករាយសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើសកម្មភាពអប់រំដោយផ្តើមចេញពីការបង្រៀនភាសា។ យើងក៏បានស្នើសុំលោកជំទាវផងដែរ ក្នុងការផ្តល់បទបង្ហាញដល់និស្សិតសិក្សាអន្តរជាតិ (International Studies) របស់សាកលវិទ្យាល័យយើង អំពីគោលនយោបាយការបរទេសរបស់ប្រទេសតួកគី និងបទពិសោធន៍ការទូតរបស់លោកជំទាវនៅកម្ពុជា»

សូមជម្រាបថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏បាននិងកំពុងបង្រៀនឯកទេសភាសាបារាំង អង់គ្លេស ជប៉ុន កូរ៉េ ចិន និងថៃ ហើយថ្មីៗនេះ បានប្រកាសពីការបើកបង្រៀនភាសាវៀតណាម ហើយគ្រោងបើកបង្រៀនឯកទេសភាសាផ្សេងៗទៀតផងដែរ។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់ Fresh News ឲ្យដឹងថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាបរទេសនៅកម្ពុជា មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអប់រំ ជាមួយបណ្តាប្រទេសជាមិត្ត តាមរយៈការលើកកម្ពស់ការរៀន និងបង្រៀន នៅកម្រិតឧត្តមសិក្សា និងទិដ្ឋភាពពាក់ព័ន្ធដទៃទៀត៕