(ភ្នំពេញ)៖ បន្ទាប់ពីអង្គការសុខភាពពិភពលោកទទួលស្គាល់ថា កម្ពុជាបានលុបបំបាត់ជំងឺកញ្ជ្រឹលទាំងស្រុងកាលពីដើមឆ្នាំ២០១៥នោះ ស្រាប់តែនៅដើមឆ្នាំ២០១៦ មានការផ្ទុះកើតជំងឺកញ្ជ្រឹលនេះជាថ្មី ទៅលើកុមារកម្ពុជា។ មកដល់ពេលនេះក្រសួងសុខាភិបាលរកឃើញមាន ៣ករណីហើយ ហើយករណីចុងក្រោយរកឃើញកាលពីថ្ងៃទី១០ ខែឧសភា លើកុមារីម្នាក់មកពីស្រុកបាទី ខេត្តតាកែវ។
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រកាសឲ្យដឹងថា ខ្លួនរកឃើញជំងឺកញ្ជ្រឹល មួយករណីទៀត កើតលើកុមារីម្នាក់មានអាយុជាងមួយឆ្នាំ មកពីស្រុកបាទី ខេត្តតាកែវ។ ក្រសួងថា នេះជាការកើតជំងឺកញ្ជ្រឹលលើកទី៣ នៅ ក្នុងឆ្នាំ២០១៦នេះ តែទោះជាយ៉ាងណាទាំងកុមារទាំង ៣នាក់ ត្រូវបានព្យាបាលឲ្យជាសះស្បើយ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួក គេនោះទេ។
សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៤ គ្មានកុមារកម្ពុជាណាម្នាក់ ត្រូវបានរកឃើញថា កើតជំងឺកញ្ជ្រឹលនោះទេ។ លុះដល់ឆ្នាំ២០១៥ អង្គការសុខភាពពិភពលោក បានចេញវិញ្ញាបនបត្របញ្ជាក់ថា កម្ពុជាជាប្រទេសទី១ ដែលបានលុបបំបាត់ទាំងស្រុងនូវជំងឺ កញ្ជ្រឹលក្នុងចំណោមប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ស្រាប់តែមកដល់ឆ្នាំ២០១៦នេះ ជំងឺកញ្ជ្រឹលត្រូវបានរកឃើញកើតលើកុមារកម្ពុជាជាថ្មី។ ការកើតមានជំងឺកញ្ជ្រឹលជាថ្មីនេះ លោក ឱក វិជិត ប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានឲ្យដឹងថា ជំងឺកញ្ជ្រឹលជាជំងឺឆ្លង ហើយការកើតមានជាថ្មីនេះ គឺបានឆ្លងមកពីប្រទេសជិតខាង។
លោក ឱក វិជិត បានបញ្ជាក់ថា ភាគច្រើននៃកុមារដែលកើតមានជំងឺកញ្ជ្រឹលនេះ គឺពួកគេមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកញ្ជ្រឹលនៅឡើយនោះទេ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងបានធ្វើការជាមួយអង្គការដៃគូ និងចាត់ វិធានការជាច្រើន ដើម្បីបញ្ឈប់ការឆ្លងរាលដាល នៃមេរោគកញ្ជ្រឹល រួមទាំងការចាក់វ៉ាក់សាំងកញ្ជ្រឹល-ស្អូចតាមរយៈយុទ្ធនាការក្នុងខែមីនា ឆ្នាំ២០១៦ សម្រាប់កុមារមានអាយុចាប់ពី៩ខែ ដល់អាយុប្រមាណ៥ឆ្នាំ។
លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ជំងឺកញ្ជ្រឹលថ្មីនេះ ក្រសួងក៏បានចាប់ផ្តើមធ្វើការអង្កេតជាបន្ទាន់ ហើយបានចាត់វិធានការចំាបាច់ផ្សេងទៀត ដែលរួមទាំងសកម្មភាពចាក់ថ្នាំបង្ការផងដែរ៕