(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានទទួលការចូលជួបពិភាក្សាការងា ជាមួយក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលដឹកនាំដោយលោក Alasdair Scott ប្រធានក្រុមបេសកកម្ម និងមានការចូលរួមដោយលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ខណៈដែលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ថវិកា សម្រាប់ឆ្នាំ២០២៣ និងក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាកាន់តែខ្លាំង នៃសេដ្ឋកិច្ចសកលលោក ដែលបង្កឡើងដោយភាពមិនអំណោយផល នៃកត្តាភូមិសាស្រ្តនយោបាយ និងវិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលបាន និងកំពុងបង្កផលប៉ះពាល់ដោយផ្ទាល់ និងប្រយោល។

លោក Alasdair Scott ប្រធានក្រុមបេសកកម្ម ក៏បានលើកឡើងពីភាពមិនប្រាកដប្រជា និងហានិភ័យកាន់តែខ្ពស់ នៃសេដ្ឋកិច្ចសកល និងបានបង្ហាញពីការព្រួយបារម្ភមួយចំនួន មកលើទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលបណ្តាលមកពីបញ្ហាប្រឈម និងហានិភ័យចម្បងៗ រួមមាន៖ ការបន្តកើនឡើងនូវសម្ពាធអតិផរណា, ការរឹតបន្តឹងលឿនជាងការរំពឹងទុក នៃគោលនយោបាយរូបិយវត្ថុ, និងការថមថយសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាបច្ច័យអវិជ្ជមានលើសកម្មភាពសេដ្ឋកិច្ចសកល ជាពិសេសប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ របស់កម្ពុជា។

លោក Alasdair Scott ក៏បានលើកឡើងពីតម្រូវការ នៃការចែករំលែកទនិ្នន័យ សម្រាប់ជាធាតុចូល ក្នុងការគណនាការផ្លាស់ប្តូរឆ្នាំគោលថ្មី សម្រាប់គណនេយ្យជាតិ និងពង្រឹងគុណភាពប្រព័ន្ធស្ថិតិ។ បន្ថែមពីនេះ បន្ទាប់ពី IMF បានធ្វើការពិនិត្យរួចមក (peer review), ការគណនា ផ.ស.ស ដោយប្រើឆ្នាំគោលថ្មី ដែលរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនេះ ជារួមគឺអាចទទួលយកបាន ។

អគ្គបណ្ឌិតសភាចារ្យ បានលើកឡើងពីសារៈសំខាន់ នៃការចែករំលែកទិន្នន័យ សម្រាប់ការវិភាគ និងបានបញ្ជាក់ពីការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំបង្កើតប្រព័ន្ធរួមមួយ សម្រាប់ផ្លាស់ប្តូរទិន្នន័យពន្ធ និងស្ថិតិជាតិ និងបានសម្តែងនូវការអរគុណចំពោះ IMF សម្រាប់ការជួយពិនិត្យ និងផ្តល់យោបល់លើកិច្ចការកែសម្រួលគណនីជាតិថ្មី ការកសាងសមត្ថភាពមន្រ្តីក្នុងការវិភាគ និងព្យាករសេដ្ឋកិច្ចលើមូលដ្ឋានថ្មីសម្រាប់កម្ពុជាផងដែរ។

ជាមួយគ្នានេះ អគ្គបណ្ឌិតសភាចារ្យ ក៏បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានបន្តផ្តល់ជាជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលដល់ស្ថាប័ននានា ជាពិសេស មន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំង ការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងការអនុវត្តគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្តល់អនុសាសន៍ល្អៗ សម្រាប់ការរៀបចំ គោលនយោបាយនានាកន្លងមក និងបានជូនពរក្រុមការងារឲ្យទទួលបានជោគជ័យ និងផ្លែផ្កា សម្រាប់ការបំពេញបេសកកម្មការងារ ក្នុងឆ្នាំ២០២២នេះ៕