(ឧត្តរមានជ័យ)៖ ស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ថាជាប្រពន្ធ លោក គឹង រីកូ ដែលជាមេប៉ុស្តិ៍ចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានត្អូញត្អែរតាមបណ្តាញសង្គមដោយកើតទុកមិនសុខចិត្ត ក្រោយពេលប្តីរបស់ខ្លួនដែលទើបឡើងតំណែងជាមេប៉ុស្តិ៍ ចាប់ផ្តើមមានស្រីថ្មីនៅខាងក្រៅ ចុះចោលប្រពន្ធកូនដោយមិនទាន់លែងលះគ្នាតាមច្បាប់ឡើយ។
ស្ត្រីឈ្មោះ ផល រដ្ឋា បានចោទប្តីរបស់នាងថា គ្មានភាពទទួលខុសត្រូវលើប្រពន្ធកូន ដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីបែកគំនិតមានស្រីថ្មីចុះចោលផ្ទះ ព្រមទាំងគំរាមបាញ់សម្លាប់ប្រពន្ធ។
ស្ត្រីរូបនេះ បានរៀបរាប់នៅលើ Facebook ឈ្មោះ ម៉ាក់ ធារិកា នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ថា៖ «ពេលនៅឋានៈជាមន្ត្រីធម្មតា មិនទាន់មានបុណ្យស័ក្ដចេះតែរស់នៅចុះសម្រុងគ្នា ដល់ពេលបានក្លាយជាមេប៉ុស្តិ៍ ចុះចោលប្រពន្ធ និងកូន»។
បើតាមស្ត្រីខាងលើ មកដល់ពេលនេះ លោក គឹង រីកូ មេប៉ុស្តិ៍ចុងកាល់ បានប្រាប់ថា ចង់លែងលះជាមួយនាងហើយ។ ស្ត្រីដដែល បានរៀបរាប់ទាំងស្តាយស្រណោះទៀតថា ពេលប្រពន្ធឈឺមិនដែលមកមើលថែទេ ពេលដែលស្រីកំណាន់របស់មេប៉ុស្តិ៍ ទោះរវល់ធ្វើការប៉ុណ្ណា ក៏គេចការងារទៅមើលដែរ។
នាងលើកឡើងថា នាងមិនចង់មេម៉ាយទេអាណិតកូន តែប្តីចង់បោះបង់កូនចោលទៅរស់នៅជាមួយស្រីថ្មី។
ទោះជាយ៉ាងនេះក្តី នេះគ្រាន់តែជាការរៀបរាប់របស់ភាគីប្រពន្ធនៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។ ខណៈដែលបណ្ដាញព័ត៌មាន Fresh News មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីមេប៉ុស្តិ៍ចុងកាល់នៅឡើយ៕