(បាត់ដំបង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសតែងតាំង ប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបងថ្មី ដោយមានការអញ្ជើញចូលរួមពី លោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, មន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត រួមនឹងមេឃុំទូទាំងខេត្តបាត់ដំបងសរុប១០៣ឃុំផងដែរ។
លោក ភួង សិទ្ធិ ត្រូវបានតែងតាំងជាប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបងថ្មី ជំនួសលោក គឹម តេង អតីតប្រធានមន្ទីរសង្គមកិច្ចខេត្តបាត់ដំបង ត្រូវផ្លាស់ប្តូរទៅកាន់មុខដំណែងថ្មី។
ថ្លែងក្នុងឱកាសនោះ លោក វង សូត បានកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិ សម្បទាខេត្តបាត់ដំបង ដែលបានខិតខំបំពេញការងារ ភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អ ប្រសើរ ដោយមានការទំនាក់ទំនងសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពពាក់ពន្ធ ដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ ក្នុងការជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ។
ជាមួយគ្នានេះលោក វង សូត បានផ្ដាំផ្ញើដល់ប្រធានមន្ទីរខេត្ត ដែលទទួលបានការតែងតាំងថ្មី ត្រូវខិតខំបន្ថែមទៀតក្នុងការបំពេញភារកិច្ចដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជននិងមាតុភូមិតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងថ្នាក់លើដាក់ជូន និងបន្តនូវរាល់ការពង្រឹងសេវាសុខមាលភាពសង្គមជនក្រីក្រងាយរងគ្រោះ និងពង្រឹងសមត្ថភាពស្ថាប័នភាពជាដៃគូ កៀរគរប្រភពធនធានបង្កើនប្រសិទ្ធិភាពសេវាសង្គមកិច្ច។
លោករដ្ឋមន្រ្តី ក៏បានស្នើដល់មន្ទីរពាក់ព័ន្ធ រដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសមន្រ្តីតាមមូលដ្ឋានសហការគ្នាអនុវត្តការងារនេះឲ្យមានតម្លារភាព និងប្រសិទ្ធភាពខ្ពស់។
លោកបន្តថា ប្រធានមន្ទីរថ្មី ត្រូវបន្តរក្សាប្រពៃណី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជិតស្និទ្ធរវាងមន្ត្រីរាជការ ក្នុងអង្គភាព ក៏ដូចជាបណ្តាស្ថាប័ន មន្ទីរ អង្គភាព សង្គមស៊ីវិល ក្នុងការអនុវត្តន៍ការងារស្នូលរបស់ខ្លួន និងអនុវត្តន៍តាមគោលការណ៍ ណែនាំរបស់ក្រសួងដោយភាពទទួលខុសត្រូវ។
ក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា ការតែងតាំងចូលកាន់មុខតំណែង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត គឺជាការយកចិត្តទុកដាក់ខ្ពស់ ពីសំណាកថ្នាក់ដឹកនាំក្រសួង ដែលជានិច្ចកាល គិតគូរពង្រឹងកែលម្អចនាសម្ព័ន្ធបណ្តាញក្រោមឱវាទ និងលើកទឹកចិត្តបំពេញបន្ថែម នូវគុណភាព គុណធម៌ និងសម្រូលនូវប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិការ ទទួលខុសត្រូវចំពោះភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ ក្នុងការបម្រើការងារជូនប្រជាពលរដ្ឋ និងប្រទេសជាតិពិសេសការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ នូវយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣ អាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសទទួលបានដំណែងថ្មីនេះ លោក ភួង សិទ្ធិ ក៏បានប្តេជ្ញាចិត្ត គោរព និងអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់នូវកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍របស់លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា, លោក សុខ លូ អភិបាលខេត្តបាត់ដំបង៕