(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នៅតាមវត្តអារាមនានា នៅក្នុងរាជធានីភ្នំពេញ។
ការស្នើនេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤០ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមអធិបតិភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានកោតសរសើរ ចំពោះសមត្ថកិច្ចដែលបានខិតខំ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ ពិសេសបទល្មើស ឧក្រិដ្ឋឱ្យមានការថយចុះ។ ទន្ទឹមនឹងនេះ ការបង្ក្រាបបទល្មើសគ្រឿងញៀន បានចំនួន៨០ករណី ក្នុងនោះការជួញដូរ គ្រឿងញៀនបាន៥៣ករណី។
បន្ថែមពីនេះទៀត អាជ្ញាធរមានសមត្ថកិច្ច នៅបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់ អ្នកលក់ដូរចល័ត តាមដងផ្លូវសាធារណៈ និងអ្នកលក់ដូរនៅនឹងកន្លែង ដោយបានធ្វើការអប់រំណែនាំឱ្យមានសណ្ដាប់ធ្នាប់ល្អថែមទៀតផងដែរ។ ជាមួយនឹងស្នាដៃខាងលើ លោក ម៉ប់ សារិន បានសំណូមពរ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ យកចិត្តទុកដាក់ សហការ បង្ក្រាបក្រុមក្មេងទំនើងឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌ និងបុណ្យភ្ជុំបិណ្ឌតាមវត្តអារាមនាពេលខាងមុខ។
លោក មាន ចាន់យ៉ាដា បានបញ្ជាក់ថា ជុំវិញបញ្ហានេះ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយនៅថ្ងៃទី១៥ កញ្ញាខាងមុខនេះ លោកអភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញមួយ ដើម្បីដាក់ចេញជាវិធានការម៉ឹងម៉ាត់មួយចំនួន ក្នុងពិធីបុណ្យកាន់បិណ្ឌ បោះបាយបិណ្ឌនិងបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងនោះមានទាំង ការដាក់ចេញជាវិធានការធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ សំដៅធ្វើយ៉ាងណាឲ្យពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនៅពេលខាងមុខនេះ ដំណើរទៅដោយរលូន មានសន្តិសុខ សុវត្ថិភាពល្អ បង្កភាពកក់ក្តៅ និងជឿទុកចិត្តពីប្រជាពលរដ្ឋ៕