(វៀតណាម)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងសិល្បករ ក្រុមហ៊ុនឯកជនប្រមាណជាង១០០នាក់ ចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្ដរជាតិឆ្នាំ២០២២ ឬហៅកាត់ថា ITE HCMC 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីបង្កើនការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជា សំដៅទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែមទៀត។
ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរអន្តរជាតិឆ្នាំ២០២២ (International Travel Expo Ho Chi Minh City 2022) ធ្វើឡើងចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមហ៊ុនអន្តរជាតិជាង៣០០ស្តង់ អ្នកសារព័ត៌មាន និងអ្នកទិញអន្តរជាតិប្រមាណជាង១៥០នាក់ មកពីបណ្តាប្រទេសជាង៥០ក្នុងតំបន់និងពិភពលោក ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់អាស៊ានដទៃទៀតឱ្យកាន់តែទូលំទូលាយ ដែលជាកិច្ចសហប្រតិបត្តិការរួមគ្នាបើកទទួលទេសចរអន្តរជាតិឡើងវិញ។
នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃកាត់ខ្សែបូរបើកសម្ពោធជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ (ITE HCMC 2022) ហើយបន្ទាប់ពីពិធីកាត់ខ្សែបូររួចមក ក៏មានការដើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ (VIP Tour) ទស្សនាតាមស្តង់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមក្នុងពិព័រណ៍នេះ ក្នុងនោះក៏បានមកទស្សនាស្ដង់ពិព័រណ៍របស់កម្ពុជាផងដែរ។
លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សម្រាប់កម្ពុជា ក្រៅពីការផ្សព្វផ្សាយពីគោលដៅទេសចរណ៍រួមទាំងមូល ក៏មានការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍ម៉ាយស៍ (MICE) និងផ្សព្វផ្សាយ «កម្ពុជាជាគោលដៅទេសចរណ៍កីឡា» តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
លោក ប្រាក់ វុទ្ធី បានបន្តថា នេះគឺជាលើកទី១៦ហើយដែលកម្ពុជាបានចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិនៅប្រទេសវៀតណាម ដោយមានពន្លារបស់ព្រះរាជាណាចក្រកម្ពុជា រៀបចំតុបតែងនិងមានរចនាបថជារូបពហុកីឡដ្ឋានជាតិមរតតេជោ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមឆ្នាំ២០២៣ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំងមានការចូលរួមពីផ្នែកឯកជន (Co-Exhibitors) ចំនួន១២ក្រុមហ៊ុន ដើម្បីផ្តល់ព័ត៌មាននិងផ្សព្វផ្សាយលក់កញ្ចប់ទស្សនកិច្ចរបស់ខ្លួនជាមួយអថិតិជនដោយផ្ទាល់។
លោកបន្តទៀតថា នៅពន្លារបស់កម្ពុជាគឺមានការសម្តែងរបាំជូនពរស្វាគមន៍ និងផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកទស្សនាពន្លាកម្ពុជា ព្រមទាំងថតរូបភាពជាមួយសិល្បករ/សិល្បការិនីទុកជាអនុស្សាវរីយ៍។ នៅក្នុងពន្លារបស់កម្ពុជាក៏មានការចាក់វីដេអូស្ប៉តបង្ហាញពីតំបន់គោលដៅទេសចរណ៍សំខាន់ៗ និងមានការសម្តែងរបាំជូនភ្ញៀវទស្សនាជាប្រចាំ ហើយចំពោះផ្នែកឯកជនដែលមាន១២ក្រុមហ៊ុនក៏មានសកម្មភាពណាត់ជួបជាមួយដៃគូផ្តល់ព័ត៌មាន និងលក់កញ្ចប់ទស្សនកិច្ចមកទស្សនាកម្ពុជាជូនភ្ញៀវទេសចរវៀតណាម និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផងដែរ។
ប្រធាននាយកដ្ឋានរូបនេះបានបង្ហាញសុទិដ្ឋិនិយមថា តាមរយៈព្រឹត្តិការណ៍ខាងលើ ក្រសួងទេសចរណ៍មានការរំពឹងថាកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនវៀតណាមឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា៕