(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែកញ្ញានេះ។

គណៈកម្មាធិការថ្មីនេះមានលោក ឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន១៩រូបផ្សេងទៀត។

គណៈកម្មាធិការអន្តរក្រសួងមានភារៈកិច្ច ដូចខាងក្រោម៖

* ពិនិត្យ និងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ ពាក់ព័ន្ធនឹងការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី។

* ពិនិត្យបញ្ចប់កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ដើម្បីដំណើរការក្រុមហ៊ុនវិនិយោគថ្មី (AIAI)៕