(សៀមរាប)៖ លោក ហ៊ុន ម៉ាណែត ប្រធានសមាគម អាហារូបករណ៍សិស្ស-និស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលហៅកាត់ថា អ.ម.ត ឬAMT បានជួបសំណេះសំណាល ជាមួយនិស្សិតសមាគម ប្រមាណជិត១០០នាក់ដោយ លោកបានថ្លែងអំណរគុណ ចំពោះក្រុមការងារ និងនិស្សិតសមាគមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវាលាព្រមទាំងថវិកា ចូលរួមនៅក្នុងសកម្មភាពសង្គមជាច្រើន នាពេលកន្លងមក។
លើសពីនេះទៅទៀតនោះ លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តក្រុមការងារ និងនិស្សិតទាំងអស់ បន្តចូលរួមធ្វើកិច្ចការសង្គម ឱ្យកាន់តែសកម្មថែមទៀត និងប្រព្រឹត្តនូវអំពើល្អ ក្នុងរូបភាពជានិស្សិតសមាគម អាហារូបករណ៍សិស្ស-និស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអត្តសញ្ញាណ ដ៍មានតម្លៃរបស់យើងទាំងអស់គ្នា។
លោក ហ៊ុន ម៉ាណែត ក៍បានផ្តល់ដំបូន្មានល្អៗ និងលើកទឹកចិត្តឱ្យសិស្ស និស្សិតខិតខំរៀនសូត្រ តស៊ូជំនះរាល់ការលំបាក ទាំងឡាយនៅក្នុងជីវិត ដើម្បីរៀនសូត្រឱ្យបានចប់ និងមានអនាគត ដ៍ប្រសើរនៅពេលខាងមុខ។
ការថ្លែងបែបនេះក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពីធីសំណេះសំណាល និងបញ្ចូលសមាជិកសមាគម អាហារូបករណ៍សិស្ស និស្សិត សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រចាំខេត្តសៀមរាប ចំនួន៧៩នាក់ និងសម្ពោធទីស្នាក់ការសមាគម ប្រចាំខេត្តសៀមរាប នៅសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦៕