(សៀមរាប)៖ គិតដល់ត្រឹមរសៀលថ្ងៃទី០៧ ខែកញ្ញា មានមនុស្សត្រឹមតែ ៤០០នាក់ប៉ុណ្ណោះ កំពុងស្នាក់នៅចំការលោក ខឹម វាសនា ទាំង២ទីតាំង ស្ថិតក្នុងភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងថា ស្ថានភាពនៅចំការលោក ខឹម វាសនា មកដល់រសៀលថ្ងៃទី០៧ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចបានចូលទៅធ្វើការគ្រប់គ្រងក្នុងចំការ ហើយរកឃើញថាមានពលរដ្ឋនៅសល់ប្រមាណ ៤០០នាក់ ដែលជាសមាជិករបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ(LDP)។

លោកស្នងការបន្តថា ប្រជាពលរដ្ឋមួយចំនួនទៀត ក៏បានចាប់ចេញជាបណ្តើរៗផងដែរ។ បើទោះមនុស្សជាច្រើនបានចាកចេញទៅហើយក្តី តែលោកស្នងការ ក៏នៅតែបង្ហាញការព្រួយបារម្ភ ចំពោះបញ្ហាសុខភាពប្រជាពលរដ្ឋដែលបន្តស្នាក់នៅក្នុងចម្ការ ជាពិសេសចំពោះកុមារ ដែលមានសភាពស្លេកស្លាំង ដោយការស្នាក់នៅមិនសមរម្យ ហើយបញ្ហាសំខាន់នោះបញ្ហាជំងឺឆ្លង។

សូមបញ្ជាក់ថា លោក ខឹម វាសនា បានធ្វើចលនាកៀរគរមនុស្សទៅនៅក្នុងចម្ការរបស់ខ្លួនចាប់តាំងពីថ្ងៃទី២៣ ខែសីហា ក្រោមការផ្សព្វផ្សាយពាក្យចចាមអារ៉ាមគ្រោះមហន្តរាយពិភពលោករញ្ជួយដី និងទឹកលិចពិភពលោក នៅគោកតែភ្នំគូលែន។ តាមការឃោសនានោះ មានប្រជាពលរដ្ឋរហូតដល់ទៅជាង ១ម៉ឺននាក់ បានទៅប្រមូលផ្តុំនៅក្នុងចម្ការរបស់លោក ខឹម វាសនា។ តែទោះបីជាយ៉ាងណាបន្ទាប់ពីមានកិច្ចសម្របសម្រួលពីសមត្ថកិច្ច និងមិនមានព្រឹត្តិការណ៍ទឹកលិចដូចការឃោសនានោះ ប្រជាពលរដ្ឋក៏បានចេញពីចម្ការរបស់លោក ខឹម វាសនា ជាបន្តបន្ទាប់។

ក្នុងកំលុងពេលប្រមូលផ្តុំនោះ មានប្រជាពលរដ្ឋពីបណ្តារាជធានី ខេត្តនានា បានទៅដាក់ពាក្យប្តឹងស្វែងរកប្រពន្ធ ប្តី កូន ក្មួយ ដែលបានបាត់ដំណឹង ហើយសង្ស័យស្នាក់នៅក្នុងចម្ការរបស់លោក ខឹម វាសនា។ ខ្លះទៀតបានដាក់ពាក្យប្តឹងមកយកសម្ភារៈ រថយន្ត ម៉ូតូ ដែលត្រូវបានខ្ចី និងជិះយកមកចោលនៅចម្ការ។ ក្នុងនោះ គេក៏សង្កេតឃើញពលរដ្ឋដែលមកស្វែងរកប្រពន្ធ ប្តី កូន ក្មួយ ត្រូវបានកម្លាំងសមត្ថកិច្ចជូនចូលទៅក្នុងចំការម្រេចលោក ខឹម វាសនា ខ្លះរកមិនឃើញនៅទីនោះ ខ្លះទៀតបានជួបប្រពន្ធ និងកូន តែពួកគេមិនព្រមមកជាមួយម្តាយ ឬបី្តឡើយ ដោយពួកគេបានលើកឡើងថា ពួកគេនៅទីនេះមានសេចក្តីសុខជាមួយពូព្រហ្ម៕