(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានគូសបញ្ជាក់ថា ការជន់លិចនៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ មិនទាន់មានសភាពធ្ងន់ធ្ងរនោះទេ ខណៈយប់មិញនេះមានផ្ទះប្រជាពលរដ្ឋនៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រមាណ ១០គ្រួសាររងការជន់លិច ដោយសារជំនន់ទឹកភ្លៀង។
លោកទេសរដ្ឋមន្ត្រី បានប្រាប់ Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ការជន់លិចនៅស្រុកម៉ាឡៃយប់មិញ គឺបណ្តាលមកពីជំនន់ទឹកភ្លៀង ហើយមិនមែនជាទឹកធ្លាក់មកពីប្រទេសថៃនោះទេ។ លោកទេសរដ្ឋមន្ត្រី បានបន្តថា ការលិចនោះមិនខ្លាំងទេ និងមិនទាន់ដល់កម្រិតជម្លៀសប្រជាពលរដ្ឋនោះដែរ។ តែទោះបីជាយ៉ាងណា នៅពេលមានការជន់លិចនោះកងកម្លាំងយោធា និងអាជ្ញាធរ នៅមូលដ្ឋានបានចុះជួយអន្តរាគមន៍ទាំងយប់ ជួយរៀបចំរើសម្ភារៈដាក់នៅទីខ្ពស់។
លោកទេសរដ្ឋមន្ត្រី គន់ គីម សេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ បានឱ្យដឹងផងដែរថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងតាមដានយកចិត្តទុកដាក់ចំពោះការប្រែប្រួលអាកាសធាតុ និងការរងនូវឥទ្ធិពលពីប្រព័ន្ធសម្ភាធទាប ITCZ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ដោយយោងតាមបទបញ្ជា និងការណែនាំដោយផ្ទាល់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនោះ កម្លាំងប្រតិបត្តិសង្គ្រោះបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ហើយការលំហាត់សមយុទ្ធលើការសង្គ្រោះ ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋបើមានការជន់លិចណាមួយកើតឡើងនោះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «កម្លាំងសង្គ្រោះរបស់យើង បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ហើយត្រៀមសង្គ្រោះប្រជាពលរដ្ឋជាប់ជានិច្ច។ សម្តេចតេជោប្រធាន លោកបានក្រើនរំលឹកយើងខ្ញុំជាប់ជាប្រចាំឱ្យយកចិត្តទុកដាក់ក្នុងប្រតិបត្តិការសង្គ្រោះ មិនត្រូវទុកពលរដ្ឋឱ្យរងគ្រោះដោយមិនបានដឹង ហើយមិនបានជួយនោះឡើយ គឺត្រូវតែប្រឹងប្រែងសង្គ្រោះឱ្យអស់ពីលទ្ធភាព»៕