(ស្ទឹងត្រែង)៖ ប្រតិភូសភាអាស៊ានទទួលបន្ទុកសិទ្ធិមនុស្សមកពីប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បានចុះទៅសិក្សាពីផលប៉ះពាល់ និងដំណោះស្រាយលើគម្រោងសាងសង់វារីអគ្គិសនីសេសានក្រោម២ នៅក្នុងខេត្តស្ទឹងត្រែង។
ក្នុងដំណើចុះសិក្សាពីផលប៉ះពាល់ និងការដោះស្រាយនេះ ប្រតិភូសភាអាស៊ាន បានចូលជួបសម្តែងការគួរសម និងសំណេះសំណាលជា មួយ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកអភិបាលខេត្ត បានជម្រាបគណៈប្រតិភូ ពីគោលនយោបាយសំណងលើផលប៉ះពាល់ នៃគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្តបន្ត ការដោះស្រាយលើផលប៉ះពាល់នេះ អាជ្ញាធរខេត្ត និង ក្រុមហ៊ុនវិនិយោគ បានអនុវត្តន៍ត្រឹមត្រូវតាមគោលនយោបាយសំណងរបស់រាជរដ្ឋាភិបាល។
លោក ម៉ុម សារឿន បានបញ្ជាក់ប្រតិភូអាស៊ានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ។
សូមបញ្ជាក់ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ អាចផលិតថាមពលអគ្គិសនី បាន ៤០០មេហ្គាវ៉ាត់ ជាទំហំដែលផលិតបានច្រើនជាងគេ បើប្រៀបធៀបទៅនឹងទំនប់វារីផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។ គម្រោងសាងសង់ទំនប់វារីអគ្គិសនីនេះ រាជរដ្ឋាភិបាលបានសម្បទានដីសេដ្ឋកិច្ចចំនួន ៤៥ឆ្នាំ ឲ្យក្រុមហ៊ុនវិនិយោគធ្វើការសាងសង់រយៈពេល ៥ឆ្នាំ និងធ្វើអាជីវកម្ម ៤០ឆ្នាំ ដោយចំណាយទុនវិនិយោគប្រមាណ ៧៨១លានដុល្លារអាមេរិក។
ទំនប់វារីអគ្គិសនីអាចនឹងទាញយកថាមពលប្រើប្រាស់បាននៅឆ្នាំ២០១៧ ហើយនឹងចូលរួមកាត់បន្ថយតម្លៃអគ្គិសនីឲ្យមានតម្លៃទៀប ធ្វើឲ្យប្រទេសមានភាពម្ចាស់ការក្នុងការផលិត ជំរុញសេដ្ឋកិច្ច បង្កើតឱកាសការងារ ដល់ប្រជាពលរដ្ឋ ផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋក្នុងតំបន់ ផ្តល់បច្ចេកវិទ្យាថ្មី ដល់ធនធានមនុស្សរបស់កម្ពុជា និង បង្កើតរមណីយដ្ឋានទេសចរណ៍ជាដើម៕