(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ ក្នុងសាលាខេត្តទាំងអស់។
មន្ត្រីរាជការ ដែលត្រូវចូលកាន់មុខតំណែងមានចំនួន១៦នាក់ រួមមាន៖ នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធានអនុប្រធានការិយាល័យ ចំណុះសាលាខេត្តព្រះសីហនុ។ នេះបើយោងតាមដីការ ស្តីពីការតែងតាំង និងប្រគល់ភារកិច្ចជូនក្នុងរចនាសម្ព័ន្ធសាលាខេត្តព្រះសីហនុ។
ក្នុងឱកាសនេះ លោក ទិត្យ ប៊ុនធឿន តំណាងឲ្យមន្រ្តីរាជការ សាលាខេត្ត ដែលទើបប្រកាសតែងតាំង បានធ្វើការបេ្តជ្ញាចិត្តនូវ៦ចំនុចសំខាន់ៗដូចខាងក្រោម៖
១៖ ប្តេជ្ញាស្មោះត្រង់ចំពោះជាតិ មាតុភូមិ លើកកម្ពស់ស្មារតីខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី បំរើសេវាសារធារណៈជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល ប្រកបដោយឆន្ទៈម្ចាស់ការ ភក្តីភាព សិលធម៌ និងមនសិការវិជ្ជាជីវៈខ្ពស់ ស្របតាមគោលនយោបាយកំណែទម្រង់សាធារណៈរបស់រាជរដ្ឋាភិបាល។
២៖ ប្ដេជ្ញាសហការដឹកនាំអនុវត្តកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងគោលការណ៍ដឹកនាំរបស់រដ្ឋបាលខេត្ត ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន។
៣៖ ប្តេជ្ញាខិតខំអនុវត្តរាល់ផែនការ និងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ឲ្យមានប្រសិទ្ធភាព។
៤៖ ប្តេជ្ញាសិក្សាស្រាវជ្រាវក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្តិ និងបច្ចេកវិទ្យានវានុវត្តន៍ស្របតាមបច្ចេកវិទ្យាជំនាន់៤.០ និងចំណេះដឹងផ្សេងៗទៀត ឲ្យកាន់តែមានភាពរីកចំរើន។
៥៖ ប្តេជ្ញាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវក្រម សីលធម៌ វិជ្ជាជីវៈមន្ត្រីរាជការស្របតាមលក្ខន្តិកៈដោយឡែកមន្ត្រីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
៦៖ ប្តេជ្ញារក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងជួរថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ និងមន្ទីរ និងអង្គភាពជំនាញនានាក្នុងខេត្ត។
លោក គួច ចំរើន បានថ្លែងថា មន្ត្រីរាជការដែលទទួលបានការតែងតាំងនេះ ត្រូវបានវាយតម្លៃមន្ត្រីថា មានសមត្ថភាពក្នុងការដឹកនាំបំពេញតួនាទីប្រកបដោយគុណភាព និងមានបទពិសោធន៍ដឹកនាំ។
លោកថា ការប្រកាស តំណែងមន្ត្រីរបស់យើង ដើម្បីឆ្លើយតបតាមតម្រូវការបំពេញបន្ថែមតាមរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ដោយបានវាយតម្លៃអំពីសកម្មភាពការងារ គុណតម្លៃការងារក្នុងបរិបទកូវីដ-១៩ និងការងារចុះមូលដ្ឋានជាដើម។ ម្យ៉ាងទៀតមន្ត្រីដែលមិនទាន់បានប្រកាសតែងតាំង និងតំឡើងឋានន្តរស័ក្តិ យើងនឹងបន្តពិនិត្យវាយតម្លៃបន្ថែមទៀតនៅពេលខាងមុខ។
លោកអភិបាលខេត្ត ក៏បានណែនាំដល់នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ ប្រធានអង្គភាព និងប្រធាន អនុប្រធានការិយាល័យដែលទើបទទួលបានការតែងតាំងថ្មី ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមតួនាទី ភារកិច្ច ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
លើសពីនោះទៀត លោក គួច ចំរើន ក៏ប្រាប់ឲ្យត្រូវបំពេញការងារបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឲ្យមានតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផលបន្ថែមទៀត និងត្រូវប្រកាន់ភ្ជាប់ នូវអភិក្រមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»៕