(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នពេញ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បានចូលរួមជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រកាសចូលកាន់ មុខតំណែងអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញ នៅទីស្នាក់ការរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង។
លោក កែវ ចាន់ ណារិទ្ធ ជាអតីតប្រធានទីលានចាក់សំរាមដង្កោ និងអភិបាលរងរដ្ឋាករសំណល់រឹង និងសំរាមជាអភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជធានីភ្នំពេញថ្មី ជំនួសលោក អ៊ាង សុខឃីម ដែលត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ។
នៅក្នុងឱកាសនោះ លោក កើត ឆែ បានផ្តាំផ្ញើទៅកាន់ លោកអភិបាលរដ្ឋាករថ្មី ឲ្យបន្តនិរន្តរភាពការ ផ្តល់សេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus), ការផ្តល់សេវាដឹកជញ្ជូន តាមកាណូតសាធារណៈ (Taxi Boat) និងថែរក្សាសមិទ្ធផលនានារបស់រដ្ឋាករ ដែលចាប់តាំងពីឆ្នាំ២០១៥មក បានផ្តល់សេវាដឹកជញ្ជូនសាធារណៈជូនបងប្អូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ប្រសិទ្ធភាព និងគុណភាព។
លើសពីនេះទៅទៀត លោក កើត ឆែ ក៏បានថ្លែងទៅមន្ត្រី អ្នកបើកបររថយន្ត ឱ្យបានជ្រាបថា ការរីកចម្រើននៃវិស័យដឹកជញ្ជូនសាធារណៈជាបន្តបន្ទាប់ ក្នុងរាជធានីភ្នំពេញ អាចធ្វើទៅបាន គឺដោយសារការ ដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់នូវ «សន្តិភាព» ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបអាចទទួលបាននូវការអភិវឌ្ឍលើគ្រប់វិស័យ និយាយជារួម និងនិយាយដោយឡែក គឺការទទួលបានសេវាដឹកជញ្ជូនសាធារណៈ ប្រកបដោយប្រសិទ្ធភាព ទំនើប និងគុណភាព។
លោកបន្ថែមថា ដើម្បីបន្តទទួលបានការអភិវឌ្ឍសេវាដឹកជញ្ជូនសាធារណៈ និងសមិទ្ធផលថ្មីៗទៀតនោះ យើងត្រូវ «ការពារសន្តិភាព» នេះទោះក្នុងតម្លៃណាក៏ដោយ ព្រោះ «សន្តិភាព» ជារបស់មានតម្លៃដែលមិនអាចកាត់ថ្លៃបាន៕