(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងលោកស្រី Faith Tang ជំនួយការអគ្គនាយកអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិ នៃមជ្ឈមណ្ឌលព្យាបាលសាន់វេ (Sunway Medical centre) បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង CMDF និង SMC ដើម្បីផ្តល់ជូនការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងមានផាសុកភាពសម្រាប់ប្រជាជនកម្ពុជា។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាធ្វើឡើងនៅ ការិយាល័យកណ្ដាលរបស់អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅរាជធានីភ្នំពេញ និងមានការ អញ្ជើញចូលរួមពីសំណាក់លោក Datuk Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា, លោក ណាសៀត អូស្មាន ប្រធានក្រុមហ៊ុនហាស្សាន់ (ខេមបូឌា) ឌីវិឡុបមិន លីមិធីដ, លោកស្រី ពត រ៉ានី ប្រធានទីផ្សារទេសចរណ៍ម៉ាឡេស៊ីប្រចាំនៅកម្ពុជា , សមាជិករដ្ឋសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងគណៈប្រតិភូម៉ាឡេស៊ីជាច្រើនរូបផងដែរ។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឲ្យដឹងថា ការចុះអនុស្សរណៈយោគយល់គ្នានេះ ដោយសារឃើញពីសេវាកម្មល្អ តំលៃសមរម្យ ជំនាញវេជ្ជសាស្រ្ដដ៏ទូលំទូលាយ និងបច្ចេកវិទ្យាព្យាបាលទំនើប របស់មជ្ឈមណ្ឌលព្យាបាលសាន់វេ (SMC)។ ពិសេសទៀតនោះ កិច្ចទំនាក់ទំនងសហការអន្តរជាតិល្អរវាងកម្ពុជា-ម៉ាឡេសុី ងាយស្រួលធ្វើដំណើរ ហើយម៉ាឡេស៊ីជាប្រទេសមួយ ដែលមានទំនើបកម្មផ្នែកវេជ្ជសាស្ត្រ ដែលអាចផ្ដល់ជម្រើសបន្ថែមទៀត ជូនដល់អ្នកជំងឺកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយភាពទំនើបនៃវិស័យវេជ្ជសាស្រ នៃប្រទេសម៉ាឡេស៊ី។
លោកស្រី Faith Tang បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដែលបានឃើញកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយលោកស្រី សង្ឃឹមយ៉ាងមុតមាំថា CMDF នឹងក្លាយជាដៃគូរសហការដ៏សំខាន់របស់ SMC នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់សេវាកម្មព្យាបាលជំងឺ ជាមួយមជ្ឈមណ្ឌលព្យាបាលសាន់វេ (SMC) ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ និងមានផាសុកភាពខ្ពស់។
សូមជម្រាបថា SMC គឺជាសមាជិកមួយក្នុងចំណោម ៧៩ នៃសមាជិករបស់ MHTC (Malaysia Healthcare Travel Council) ដែលបានចុះ MoU ជាមួយ CMDF កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ការអនុស្សរណៈនៃការយោគយល់គ្នា ថ្ងៃនេះ CMDF នឹងជ្រើសរើសរកក្រុមហ៊ុនណាមួយនៅកម្ពុជា សម្រាប់ធ្វើការនាំយកអ្នកជំងឺកម្ពុជា ទៅទទួលសេវាកម្មព្យាបាលពី មជ្ឈមណ្ឌលព្យាបាលសាន់វេដោយផ្ទាល់។
មជ្ឈមណ្ឌលព្យាបាលសាន់វេ គឺជាមន្ទីរពេទ្យឯកជនធំជាងគេបំផុតនៅប្រទេសម៉ាឡេស៊ី និងត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលព្យាបាលមួយដែលមានជំនាញខ្ពស់ ក្នុងការការព្យាបាលជំងឺមហារីក ជំងឺឈាម ការប្តូរខួរឆ្អឹង ការប្តូរតំរងនោម ការវះកាត់បេះដូងកុមារ ការវះកាត់ឆ្អឹង ជំងឺក្រពះពោះវៀន ជំងឺសរសៃប្រសាទ ការវះកាត់សរសៃប្រសាទ បេះដូង និងសរសៃឈាម ព្រមទាំងឯកទេសស្ត្រី និងកុមារផងដែរ។
មជ្ឈមណ្ឌលខាងលើ ក៏ធ្លាប់ធ្វើការព្យាបាលលើអ្នកជំងឺក្នុងស្រុកជិតកន្លះលាននាក់ និងអ្នកជំងឺបរទេសជាង ៤០,០០០ នាក់ មកពី ១៧០ ប្រទេស។ មជ្ឈមណ្ឌលក៏ធ្លាប់ឈ្នះពានរង្វាន់ «stand-out Jury Award for best Hospital of the year in Asia - Pasific 2021», ពានរង្វាន់ «Medical Tourism Hospital of the year in Asia -Pacific» បីឆ្នាំជាប់គ្នាពី ឆ្នាំ២០១៨ រហូតឆ្នាំ២០២០ និងពានរង្វាន់ APAC Healthcare & Medical Tourism Awards ផងដែរ៕