(កូរ៉េ)៖ ខណៈកំពុងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំចំនួន៣ នៅសាធារណរដ្ឋកូរ៉េ, នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការក្រសួងការពារជាតិ បានចូលរួមកិច្ចសន្ទនាការពារជាតិសេអ៊ូល ២០២២ ដែលរៀបចំនៅទីក្រុងសេអ៊ូល។
កិច្ចសន្ទនានេះរៀបចំឡើងដោយក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «វិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមសន្តិសុខដ៏ស្មុគស្មាញ៖ ការពង្រឹងសាមគ្គី ភាពអន្តរជាតិ» ដោយមានប្រទេសចូលរួមចំនួន៥៤ ក្នុងនោះរួមមាន តំណាងក្រសួងការពារជាតិ អ្នកជំនាញសន្តិសុខជាតិ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដើម្បីចូលរួមពិភាក្សាស្វែងរកវិធីសាស្ត្ររួមក្នុងការឆ្លើយតបការគំរាមកំហែងសន្តិសុខ តំបន់ និងអន្តរជាតិ។
កិច្ចសន្ទនាការពារជាតិសេអ៊ូល ២០២២ ប្រព្រឹត្តទៅដោយមានកិច្ចពិភាក្សាពេញអង្គមួយចំនួន ផ្តោតលើប្រធានបទសំខាន់ៗ ដូចជា៖ កិច្ចពិភាក្សាទី១ ស្តីពីកិច្ចសហ ប្រតិបត្តិការនិងវិធានការអន្តរជាតិសម្រាប់ការរំសាយទាំងស្រុងអាវុធនុយក្លេអ៊ែកូរ៉េខាងជើង, កិច្ចពិភាក្សាទី២ ស្តីពីការរិះរកកិច្ចសហប្រតិបត្តិការកសាងទំនុកចិត្ត នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាទី៣ ស្ដីពីតួនាទីរបស់យោធានៅក្នុងសង្គ្រាមកូនកាត់ ឬ (Hybrid Warfare)។
នៅក្នុងពិធីបើកកិច្ចសន្ទនានេះ លោក លី ជុងស៊ុប រដ្ឋមន្ដ្រីការពារជាតិនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងអំពីគោលបំណងចម្បងរបស់ក្រសួងការពារជាតិ សាធារណរដ្ឋកូរ៉េ ក្នុងការរៀបចំកិច្ចសន្ទនានេះគឺដើម្បីពង្រឹង និងលើកកំពស់វេទិកាពហុភាគី ដែលបម្រើឱ្យកិច្ចពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ការពារជាតិក្នុងតំបន់ និងអន្តរជាតិ។
លោករដ្ឋមន្ត្រីការពារជាតិសាធារណរដ្ឋកូរ៉េ ក៏សង្កត់ធ្ងន់ថា ការជ្រើសរើសប្រធានបទសម្រាប់កិច្ចសន្ទនាការពារជាតិសេអ៊ូលឆ្នាំនេះ គឺពិតជាបានឆ្លុះបញ្ចាំងអំពី ភាពជាក់ស្តែងនៃបរិយាកាសសន្តិសុខជាយុទ្ធសាស្ត្រក្នុងតំបន់ និងសកលលោក នៅពេលបច្ចុប្បន្ននេះ ដែលទាមទាឱ្យមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីដោះស្រាយ បញ្ហាដែលជាកង្វល់រួមទាំងនោះ។
នេះគឺជាលើកទី១១ហើយ ដែលក្រសួងការពារជាតិសាធារណរដ្ឋកូរ៉េ បានរៀបចំកិច្ចសន្ទនាការពារជាតិសេអ៊ូលនេះ ចាប់តាំងពីឆ្នាំ២០១២មក ដែលកិច្ចសន្ទនានេះជាកិច្ចសន្ទនា ពហុភាគីកម្រិតខ្ពស់ ក្នុងគោលបំណងរួមចំណែកដល់កិច្ចពិភាក្សាពង្រឹងសន្តិភាពនៅឧបទ្វីបកូរ៉េ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
សូមជម្រាបដែរថា នាយឧត្តមសេនីយ៍ ឈុំ សុជាត ពេលនេះបាន និងកំពុងដឹកនាំគណៈប្រតិភូ ក្រសួងការពារ ជាតិ កម្ពុជា ចូលរួមកិច្ចប្រជុំចំនួន៣ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រួមមាន៖ កិច្ចសន្ទនាការពារជាតិសេអ៊ូលឆ្នាំ២០២២, កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិ សាធារណរដ្ឋ កូរ៉េ-អាស៊ាន និងកិច្ចប្រជុំក្រុមការងារសន្តិសុខលំហរ និងសន្តិសុខព័ត៌មានវិទ្យា ដែលបានរៀបចំឡើង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២៕