(ភ្នំពេញ)៖ វីដេអូសកម្មភាព ខ្មាន់កាំភ្លើងបាញ់ប្រហារទៅលើសន្ដិសុខដូចគ្នា ដែលយាមនៅធនាគារ CIMB ក្នុងខណ្ឌទួលគោក ត្រូវបានគេបង្ហាញ ក្រោយកើតហេតុប៉ុន្មានម៉ោង ខណៈកម្លាំងសមត្ថកិច្ចជំនាញកំពុងរួមដៃគ្នា បើកការស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនបង្ក។

តាមរយៈវីដេអូរបស់កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងស្លៀកពាក់ឯកសណ្ឋានឈុតអង្គរក្ស ហើយសៀតកាំភ្លើងនៅចង្កេះ ដើរសំដៅទៅរកជនរងគ្រោះ ដែលកំពុងឈរយាមនៅក្នុងធនាគារខាងលើ។ ពេលនោះ ជនរងគ្រោះដើរទៅក្រោយ ហើយខ្មាន់កាំភ្លើងក៏រត់តាមពីក្រោយ និងដកកាំភ្លើងបាញ់តែម្ដង បណ្ដាលឲ្យត្រូវភ្លៅខាងស្ដាំរងរបួស។

ក្រោយធ្វើសកម្មភាព ខ្មាន់កាំភ្លើងបានដើរចេញពីរួចជិះម៉ូតូរបស់ខ្លួនម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IS-8373 គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ លន់ ជីវ័ន អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងជាសន្តិសុខក្រុមហ៊ុន safeguards Cambodia co.ltd យាមគោលដៅធនាគារ CIMB (រត់គេចខ្លួន)។ ដោយឡែក ជនរងគ្រោះឈ្មោះ ឃុន វន អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខក្រុម IG security។

យោងតាមការសាកសួរជំហ៊ានដំបូង បានបញ្ជាក់ថា ដើមចមនៃអំពើបាញ់ប្រហារនេះ គឺដោយសារទំនាស់ពាក្យសំដីគ្នារវាងជនរងគ្រោះ និងជនសង្ស័យ។ ក្រោយកើតហេតុ ខ្មាន់កាំភ្លើងជិះម៉ូតូរត់គេចខ្លួនបាត់ ខណៈជនរងគ្រោះរបួសត្រង់ភ្លៅខាងស្ដាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពហុព្យាបាលអង់តែនទួលគោក។ បច្ចុប្បន្នកម្លាំងជំនាញកំពុងរួមដៃគ្នា ស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកខ្មាន់កាំភ្លើងយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕