(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក លី លិបម៉េង នៅវេលាម៉ោងប្រមាណ៦៖៣០នាទីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចឃុំខ្លួន លោកមេធាវី ពេជ រតនា ជាបណ្តោះអាសន្នហើយ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងស៊កប៉ាន់ចៅក្រម។
លោក ពេជ រតនា ដែលជាសមាជិកនៅក្នុងគណៈមេធាវីកម្ពុជា ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅម៉ោង៨៖០០ ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីបានឃាត់ខ្លួនអស់រយៈពេល២ថ្ងៃ។ លោកត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនាំខ្លួនពីចំណត ពហុកីឡដ្ឋានជាតិអូឡាំពិក នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ភ្លាមៗបន្ទាប់ពីលោកចេញពីសាលាដំបូងរាជធានីភ្នំពេញ ហើយដើរទៅកាន់រថយន្តរបស់លោក។
លោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ លោកមេធាវី ពេជ រតនា ពីបទប៉ុនប៉ងសូកប៉ាន់ចំពោះចៅក្រម តាមមាត្រា៥១៨នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ។
សូមជំរាបថា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ ខណៈដែល លោកមេធាវី ពេជ រតនា កំពុងស្ថិតនៅក្នុងការសួរចម្លើយដោយព្រះរាជអាជ្ញារង ងិន ពេជ្រ មានមេធាវីប្រមាណ១០០នាក់ នៅក្នុងគណៈមេធាវី បានផ្តិតមេដៃធ្វើញត្តិ ដើម្បីសុំឱ្យតុលាការអនុញ្ញាតឱ្យ លោក ពេជ រតនា នៅក្រៅឃុំ។
ឆ្លើយតបនឹងករណីសមាជិកគណៈមេធាវីជិត១០០នាក់ ផ្តិតមេដៃស្នើសុំកុំឲ្យមានការឃុំខ្លួនលោក ពេជ រតនា ត្រូវបានលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងប្រាប់អង្គភាព Fresh News វិញថា «មេធាវីជាសសរមួយ របស់ច្បាប់មុនធ្វើអ្វីត្រូវគិតដល់ច្បាប់ជាធំ»៕