(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ប្រទេសកម្ពុជារងគ្រោះខ្លាំងជាងគេ ពីការជួញដូរសម្បត្តិវប្បធម៌ បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ហើយការរងគ្រោះនេះ កើតឡើងដោយសារតែសង្គ្រាមស៉ីវិលនិងអស្ថិរភាព។

ប្រមុខការទូតកម្ពុជា ថ្លែងបែបនេះតាមប្រព័ន្ធវីដេអូ ក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់៖ ទស្សនវិស័យរបស់អាស៊ាន ដែលរៀបចំឡើងនៅខេត្តសៀមរាប ចាប់ថ្ងៃទី០៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

តាមរយៈវីដេអូដែលត្រូវបានចែកចាយដោយក្រសួងការបរទេស នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់យ៉ាងដូច្នេះថា «បើធៀបទៅនឹងប្រទេសអាស៊ានផ្សេងទៀត ខ្ញុំជឿថាកម្ពុជាបានទទួលរងគ្រោះខ្លាំងជាងគេក្នុងការជួញដូរ ការបំផ្លិចបំផ្លាញ ការលួចយក និងការជីកកកាយដោយខុសច្បាប់ក្នុងអំឡុងពេលជាច្រើនទសវត្សរ៍នៃសង្គ្រាមស៉ីវិលនិងអស្ថិរភាព»។

លោកបន្តថា ផ្អែកតាមតម្រូវការនៃការរីកចម្រើនទីផ្សារងងឹត ក្នុងការជួញដូរសម្បត្តិវប្បធម៌បានបណ្ដាលឱ្យមានការរលាយខ្ចាត់ខ្ចាយប្រាសាទបេតិកភណ្ឌ និងទីតាំងបុរាណជាច្រើនកន្លែង។

ការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់ ត្រូវបានលោក ប្រាក់ សុខុន អះអាងថា នេះជាបញ្ហារសើបមួយដែលកម្ពុជាបាននិងកំពុងប្រឈម និងខិតខំដោះស្រាយជាច្រើនឆ្នាំមកហើយ។

លោកបន្ថែមថា វាមិនមែនជារឿងចៃដន្យទេ ដែលរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានរៀបចំអញ្ជើញគណៈប្រតិភូជាតិ និងអន្តរជាតិ ចូលរួមសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ ក្នុងខេត្តសៀមរាប ដែលជាទីក្រុងសម្បូរដោយបេតិកភណ្ឌវប្បធម៌ ដែលជាជម្រកនៃតំបន់បេតិកភណ្ឌអង្គរ និងអមទៅដោយប្រាសាទបុរាណរាប់ពាន់ និងជាទីតាំង បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

«ខ្ញុំជឿថានៅប្រទេសកម្ពុជា សៀមរាបជាខេត្តដែលល្អដាច់គេ ហើយក៏ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈក្នុងការជួបប្រជុំពិភាក្សាលើប្រធានបទដ៏រសើប នៃការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌នានារបស់យើង»។ នេះបើតាម លោក ប្រាក់ សុខុន។

ប្រមុខការទូតកម្ពុជា ក៏បានសម្តែងនូវសេចក្ដីសោមនស្សរីករាយក្រៃលែងដែលគណៈប្រតិភូបានចូលរួមដោយផ្ទាល់នៅទីនេះ ដើម្បីបានមកឃើញនូវភាពសម្បូរបែបនៃវប្បធម៌កម្ពុជា ភាពស្រស់ស្អាតនៃវត្ថុបុរាណ និងទទួលបានព័ត៌មានបឋមអំពីបញ្ហាប្រឈមដែលយើងកំពុងជួបប្រទះក្នុងការការពារសម្បត្តិវប្បធម៌ ដើម្បីប្រឆាំងនឹងចោរកម្ម ការលួចយក និងជួញដូរខុសច្បាប់លើទីផ្សារសិល្បៈអន្តរជាតិ។

សូមជម្រាបថា កម្ពុជា បាននិងកំពុងជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពី «ការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន» ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលសន្និសីទនេះ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមសហការដោយ Antiquities Coalition នៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សា លើការការពារ និងការទប់ស្កាត់ការជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ដែលកំពុងរងការគម្រាមកំហែងដល់បេតិកភណ្ឌដ៏សម្បូរបែបក្នុងតំបន់អាស៉ីអាគ្នេយ៍, សហគមន៍ក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់របស់ប្រជាជននៃតំបន់អាស៉ីអាគ្នេយ៍។

បំណងសំខាន់នៃសន្និសីទខាងលើ គឺអញ្ជើញមន្ត្រីរដ្ឋាភិបាល មន្ត្រីជំនាញជាន់ខ្ពស់ មកពីជុំវិញពិភពលោក ទាំងថ្នាក់ដឹកនាំផ្នែកគោលនយោបាយ ការអនុវត្តច្បាប់ សារមន្ទីរ ទីផ្សារសិល្បៈ និងអង្គការ សង្គមស៊ីវិលនានា មករួមគ្នាគិត រួមគ្នាបង្កើត និងរិះរកយន្តការដ៏រឹងមាំក្នុងការការពារអតីតកាលក្នុងតំបន់សម្រាប់មនុស្សជំនាន់ក្រោយ និងការព្យាយាមទាមទារមកវិញ នូវសម្បត្តិវប្បធម៌ជាតិនៃអាស៊ាន៕