(ហាណូយ, វៀតណាម)៖ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមដំណើរដោយលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានជួបសំដែងការគួរសមជាមួយលោក វឿង ឌីញ ហឺ (VUONG DINH HUE) ប្រធានរដ្ឋសភា នៃសាធារណៈសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាទីក្រុងហាណូយ។

នាឱកាសនោះលោក វឿង ឌិញហឺ បានថ្លែងអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយ នាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និតរវាងវៀតណាម និងកម្ពុជា ពិសេសរវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ ដែលជាទីក្រុងសម្ពន្ធ័មេត្រីភាពតាមរយៈការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ដូចជាវិស័យ៖ សុខាភិបាល, វិស័យអប់រំ, វិស័យពាណិជ្ជកម្ម, វប្បធម៌, សុខាភិបាល ជាដើម។

ប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រែក្លាយប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស, មានការអភិវឌ្ឍន៍ លើគ្រប់វិស័យ និងបានធ្វើឱ្យកម្ពុជា មានឈ្មោះបោះសំឡេង និងស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ។

លោក វឿង ឌិញហឺ ក៏បានទទួលស្គាល់ និងកោតសរសើរចំពោះការចាត់វិធានការ ប្រកបដោយប្រសិទ្ធភាពរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ យ៉ាងមានប្រសិទ្ធភាព តាមរយៈការស្រោចវ៉ាក់សាំងទៅដល់ប្រជាជន នៅទូទាំងប្រទេស និងត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានទប់ស្កាត់ការរីរាល ដាលជំងឺកូវីដ១៩ បានល្អជាងគេបើប្រៀបធៀបជាមួយបណ្តាប្រទេសនៅអាស៊ី និងពិភពលោក និងបានបើកប្រទេសឡើងវិញ ឱ្យមានប្រក្រតីភាព នៃជីវភាពសង្គម។

លោកប្រធានរដ្ឋសភាវៀតណាម ក៏បានវាយតំលៃ និងទទួលស្គាល់តួនាទីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន នាពេលកន្លងមកថ្មីៗនេះទទួលបានផ្លែផ្កាយ៉ាងធំធេង និងទទួលបានការកោតសរសើរជាអន្តរជាតិ។

លោក ឃួង ស្រេង បានជំរាបជូនលោកប្រធានរដ្ឋសភាវៀតណាម ពីលទ្ធផលដ៏ល្អប្រសើរ ក្នុងដំណើរទស្សនកិច្ច នៅទីក្រុងហាណូយ តាមរយៈការជួបពិភាក្សាការងារជាបន្តបន្ទាប់ ជាមួយលោកប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយ និងលោកលេខាបក្សរដ្ឋធានីហាណូយ និងការងារ ដែលត្រូវធ្វើបន្ត ក្នុងក្របខណ្ឌ័ទីក្រុងទាំង២ ដែលជាទីក្រុងសម្ពន្ធ័ភាព។ ការជំរុញឲ្យមានការតភ្ជាប់វិស័យទេសចរណ៍ រវាងភ្នំពេញ-ហាណូយ, ក៏ដូចជាតំបន់បេតិកភ័ណ្ឌ ដែលមានស្រាប់ដើម្បីអោយភ្ញៀវទេសចរ អាចទស្សនាបានច្រើនកន្លែង ដែលមានក្នុងទីក្រុងទាំង២ (ភ្នំពេញ-ហាណូយ)។

លោក ឃួង ស្រេង បានថ្លែងថា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ទៅលើការអភិវឌ្ឍន៍ទីក្រុង, ការកែលំអរ និងស្ថាបនាប្រពន្ធ័លូ, ការគ្រប់គ្រងសំណល់ រឹង រាវ បញ្ហាកកស្ទះចរាចរ ដែលរាជធានីភ្នំពេញ កំពុងប្រឈមនៃការកើនឡើង របស់ប្រជាពលរដ្ឋយ៉ាងគំហុក ក្នុងរាជធានីភ្នំពេញ ស្របពេលដែលមានការកើនឡើង វិស័យសេដ្ឋកិច្ច ពិសេសក្រោយវិបត្តិជំងឺកូវីដ៕