(ភ្នំពេញ)៖ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឱ្យដឹងថា ការរៀបចំពិធីបុណ្យសែនព្រះខែបានបង្ហាញពី ទំនាក់ទំនងប្រពៃណីរវាងប្រជាជាតិកម្ពុជានិងចិនក្នុងការកសាងជោគវាសនារូម។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានមានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា ពិធីបុណ្យសែនព្រះ ខែតាមប្រពៃណីចិន គេប្រារព្ធឡើងតាមចន្ទគតិ ក្នុងខែ៨ ថ្ងៃទី១៥ជារៀងរាល់ឆ្នាំ។ ហើយឆ្នាំនេះ ត្រូវនឹងថ្ងៃទី១០ខែកញ្ញា។ ពិធីនេះមានប្រវត្តិប្រមាណជាង៥ពាន់ឆ្នាំមកហើយ ដែលជាពិធីធំលំដាប់ទី២ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិ។ ពិធីសែនព្រះខែ គេប្រារព្ធឡើងដើម្បីជួបជុំក្រុមគ្រួសារ ដែលបានបែកគ្នា ទៅធ្វើការយ៉ាងមមាញឹករបស់រៀងៗខ្លួននមួយរយៈពេលមក។
តាមប្រពៃណីចិន ញាតិមិត្តនិងមិត្តភក្តិមកជួបជុំគ្នានៅថ្ងៃសែនព្រះខែ ដើម្បីមើលព្រះខែពេញបូណ៌មី និងញុំានំលោកខែ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖ កាន់គោម ដុតគោម និងបង្ហោះគោម , អុជធុបដើម្បីគោរពដល់ទេវតា ពិសេស ឆាងអឺជាដើម។
ចំពោះគ្រឿងសំណែនវិញ កាលពីសម័យបុរាណរហូតបច្ចុប្បន្ននេះ វត្តមាននំកន្ទក់ ដែលផលិតពីម្សៅពណ៌ស រាងមូលដូចវង់ព្រះចន្ទនោះ ជាតង្វាយដ៏សំខាន់។ ខណៈនំបន្ទាប់បន្សំមាននំពា នំង៉ូវយីញ ស្នូលសណ្តែក ឬស្នូលគ្រាប់ឈូក ដែលមានរាងមូល ឬរាងបួនជ្រុង និងផ្លែឈើរាងមូល។ បើតាមទំនៀមទម្លាប់ចិន គេធ្វើនំព្រះខែមានទំហំមានអង្កត់ផ្ចិតប្រមាណ ១០ សង់ទីម៉ែត្រ និងកម្រាស់ប្រមាណពី ៤ ទៅ ៥ សង់ទីម៉ែត្រ ឬទំហំ ២ ទៅ ៣ សង់ទីម៉ែត្រ។
លោកបណ្ឌិតបន្តថា បើពិនិត្យមើលស្ថានភាពទូទៅរបស់ប្រទេសចិន ខែនេះជាខែប្រមូលផលរបស់ជនជាតិចិន ហើយជាពេលវេលាមួយរបស់សមាជិក ក្រុមគ្រួសារមានភាពមមាញឹកផង និងសប្បាយរីករាយផងក្នុងការទទួល នូវអំណរផលកសិកម្ម។ ពិធីសែនព្រះខែនេះដែរ ក៏មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះពុទ្ធសាសនាផងដែរ ហេតុនេះហើយបានជាប្រជាជាតិដែលមានប្រព្រៃណី និងគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែមានរៀបចំពិធីសែនព្រះខែផងដែរ បើទោះបីជាខុសពេលវេលា ជំនឿតាមរឿងនិទានប្លែកពីគ្នានិងស្ថានភាព នៃការរៀបចំមិនដូចគ្នាយ៉ាងណាក្តី តែគោលបំណងរួមមានលក្ខណៈដូចគ្នា។
លោកបណ្ឌិតលើកឡើងដូច្នេះថា៖ «ខ្លឹមសារជាសារវ័ន្ត នៃការរៀបចំពិធីនេះ ក្នុងគោលបំណងបង្កើននូវសុខដុមនីយកម្ម នៅក្នុងគ្រួសារ សង្គមជាតិ និងនៅក្នុងពិភពលោកទាំងមូល។ លើសពីនេះ ពិធីបុណ្យនេះ ក៏បានរំលេចផងដែរ ពីគុណតម្លៃ នៃការរួបរួមមនុស្សជាតិ សាមគ្គី កសាងនូវសហគមន៍រួមគ្នា ដូចដែលប្រជាជាតិយើងទាំងពីរកម្ពុជាចិន កំពុងពួតដៃគ្នា ក្នុងការកសាងសហគមន៍ ជោគវាសនារួម។ ពិធីនេះ ក៏ជាការរិតចំណងវិញត្របាញ់បញ្ចូលគ្នា នៃគំនិតរួម ទាក់ទងទៅនឹងសុខដុមនីយកម្ម សាមគ្គីភាព ការស្រលាញ់រាប់អានគ្នា ភក្តីភាព ដែលមានចំពោះព្រះខែ បង្ហាញឱ្យឃើញពីចំណងមិត្តភាពនៃប្រជាជនប្រទេសយើងទាំងពីរ»។
កញ្ញា នឿង សុខា ជាមន្ត្រីរាជការមួយរូប បានឱ្យដឹងថា តាមរយៈពិធីសែនព្រះខែប្រពៃណីជនជាតិចិន បានរួមចំណែកដល់យន្តការពហុភាគីក្នុងចរន្តពហុជំនឿនិងពហុសាសនា ដើម្បីទទួលយកនូវគំរូភាពនៃសុខដុមនីយកម្មរបស់ប្រជាជាតិចិន ក្នុងការចងភ្ជាប់បេះដូងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន )