(ភ្នំពេញ)៖ រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា ឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅនៅទី០៧-០៨-០៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង។ ដោយឡែកឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីប្រណាំងទូកនៅថ្ងៃទី០៩-១០ ខែតុលា ឆ្នាំ២០២២ សម្រាប់សម្រាំងទូក ទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញ។
ដើម្បីឱ្យពិធីប្រណាំងទូកនេះ ប្រព្រឹត្តទៅប្រកបដោយភាពអធឹកអធម រីករាយ និងជោគជ័យ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែកញ្ញានេះ បានចេញលិខិតអំពាវនាវ ឲ្យសប្បុរសជនជួយឧបត្ថម្ភគាំទ្រទាំងស្មារតី សម្ភារៈ និងថវិកា រួមចំណែកជាមួយរដ្ឋបាលខេត្ត សម្រាប់លើកទឹកចិត្ត ផ្តល់រង្វាន់ និងផ្គត់ផ្គង់ដល់កីឡាករ កីឡាការិនីទាំងអស់ និងសម្រាប់ដោះស្រាយនូវកង្វះខាតផ្សេងៗក្នុងពិធីនេះនៅខេត្ត និងការចំណាយនានាក្នុងការចូលរួមក្នុងព្រះរាជពិធីនៅរាជធានីភ្នំពេញ។
រាល់ការឧបត្ថម្ភគាំទ្រនានា សូមទាក់ទងជាមួយគណៈកម្មការរៀបចំការប្រណាំងទូកនៅសាលាខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ដើម្បីគណៈកម្មការមានលទ្ធភាពចាត់ចែងបានទាន់ពេលវេលា៕