រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ៖ មិនមានការបិទ មជ្ឈមណ្ឌលព្រៃស្ពឺទេ មានតែការពង្រឹង និងអភិវឌ្ឍបន្ថែមលើការគ្រប់គ្រង
02-06-2016 18:18
(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ពេលនេះ មិនមានការបិទមជ្ឈមណ្ឌលព្រៃស្ពឺឡើយ ផ្ទុយទៅវិញ ក្រសួងនឹងបន្តអភិវឌ្ឍបន្ថែមទៀត ក្នុងនោះផងដែរ នឹងធ្វើការកែប្រែហេដ្ឋារចនាសម្ព័ន្ធខាងក្នុងមួយចំនួន ដើម្បីធ្វើឲ្យប្រសើរឡើង។
លោក វង សូត បានលើកឡើងបែបនេះ ខណៈដែល លោក និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ រួមទាំង មន្រ្តីក្រសួងសុខាភិបាល ជាច្រើនរូបទៀត ចុះទៅពិនិត្យស្ថានភាព និងដំណើរការការងារ នៅមជ្ឈមណ្ឌលព្រៃស្ពឺ នារសៀលថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០១៦។
គួរបញ្ជាក់ដំណើរចុះត្រួតពិនិត្យនេះ បានធ្វើឡើង មិនប៉ុន្មានថ្ងៃក្រោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមានធ្ងន់ៗ រហូតចង់ឲ្យបិទមណ្ឌលព្រៃស្ពឺចោល ប្រសិនជាអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធមិនឆាប់កែលំអ ឫដោះស្រាយបញ្ហា នៅក្នុងមណ្ឌលនេះ ឲ្យប្រសើរក្នុងពេលឆាប់ៗខាងមុខ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច និងអាជ្ញាធររាជធានី ត្រូវចុះដោះស្រាយបញ្ហានេះ បើត្រូវបិទក៏ត្រូវបិទចោលតែម្តងទៅ មិនមានការចាំបាច់ ដើម្បីទុកទេ បើសិនជាខ្វះសមត្ថភាពគ្រប់គ្រង៕