(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅសប្តាហ៍ក្រោយនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម នៅឡាវ ដើម្បីពង្រឹងពង្រីកចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ របស់កម្ពុជានិងប្រទេសទាំងពីរ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងបន្តទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់វៀតណាម មានជាអាទិ៍៖

* ជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ហ្វូ ជុង (Nguyen Phu Trong) អគ្គលេខាធិការបក្សនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបសម្តែងការគួរសមជាមួយ លោក ង្វៀន សុន ហ្វូគ (Nguyen Xuan Phuc) ប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វឿង ឌិញ វ៉េ (Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបសម្តែងការគួរសមជាមួយ លោក ហ្វាម មីញ ជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
* ជួបសម្តែងការគួរសមជាមួយ លោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានគណៈកម្មការទទួលបន្ទុកការងារប្រតិភូ និងជាប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា
* ជួបសម្តែងការគួរសមជាមួយ លោក ង្វៀន ឌឹគ ហ៊ាយ (Nguyen Duc Hai) ប្រធានក្រុមមិត្តភាពសភាវៀតណាម-កម្ពុជា
* ទស្សនាបន្ទប់ប្រពៃណីរបស់រដ្ឋសភាវៀតណាម និងចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍មាស នៅវិមានរដ្ឋសភាវៀតណាម។

បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងបន្តដំណើរទស្សនកិច្ចនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងចូលជួបពិភាក្សាទ្វេភាគី និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ភាគីឡាវ និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួន មានជាអាទិ៍៖

* ជួបសម្តែងការគួរសមជាមួយ លោក ថងលូន ស៊ីសូលីត (Thongloun SISOULITH) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* ជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក សាយសំភូន ភូមិវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* ជួបសម្តែងការគួរសមជាមួយ លោក ផនខាំ វីផាវ៉ាន់ (Phankham VIPHAVANH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
* ជួបសម្តែងការគួរសមជាមួយ ប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា
* ជំនួបទ្វេភាគីរវាង ប្រធានគណៈកម្មាធិការកិច្ចការបរទេសឡាវ ជាមួយប្រធានគណៈកម្មការកិច្ចការបរទេសកម្ពុជា
* ទស្សនាច្រកទ្វារអន្តរជាតិកំពង់ផែស្ងួត ថាណាឡេង និងសួនភស្តុភារវៀងច័ន្ទ៕