(សៀមរាប)៖ លោក Sardar Umar Alam អ្នកតំណាងយូណេស្កូប្រចាំកម្ពុជា បានថ្លែងថា សិល្បៈខ្មែរត្រូវបានកោតសរសើរយ៉ាងខ្លាំង នៅទូទាំងពិភពលោក ប៉ុន្តែវត្ថុវប្បធម៌រាប់មិនអស់របស់ខ្មែរត្រូវបានគេលួច និងលក់ដោយខុសច្បាប់ នៅលើទីផ្សារសិល្បៈអន្តរជាតិ។

ថ្លែងក្នុងសន្និសីទអន្តរជាតិ ស្តីពីការការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់៖ ទស្សនៈពីអាស៊ាន នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ លោក Sardar Umar Alam បានវាយតម្លៃ និងគាំទ្រកម្ពុជា ដែលបានរៀបចំសន្និសីទអន្តរជាតិ ស្តីពីការការពារសម្បត្តិវប្បធម៌ ដើម្បីជំរុញកិច្ចសន្ទនា រវាងបណ្តាប្រទេសអាស៊ាន ឱ្យមានការអំពាវនាវរួមគ្នា សម្រាប់កិច្ចការពារសម្បត្តិវប្បធម៌ក្នុងតំបន់។

លោកបានបន្តថា សម្បត្តិបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា ត្រូវបានទទួលរងនូវការជួញដូរដោយខុសច្បាប់ នូវវត្ថុបុរាណវប្បធម៌តាំងពីរាប់រយឆ្នាំមកហើយ ដោយបញ្ជាក់ថា «សិល្បៈខ្មែរត្រូវបានកោតសរសើរយ៉ាងខ្លាំង នៅទូទាំងពិភពលោក ហើយវត្ថុវប្បធម៌រាប់មិនអស់ត្រូវបានលួច និងលក់ដោយខុសច្បាប់ នៅលើទីផ្សារសិល្បៈអន្តរជាតិ»

លោកបន្ថែមថា កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិ និងក្នុងការចរចា ដើម្បីប្រគល់ស្នាដៃល្អឯក ដែលបានលួចនោះមកវិញ ដែលប្រជាជនកម្ពុជាចាត់ទុកថា សម្បត្តិវប្បធម៌ទាំងនោះជា សម្បត្តិដែលមានតម្លៃសិល្បៈ វិទ្យាសាស្ត្រ និងស្មារតីដ៏អស្ចារ្យសម្រាប់ប្រជាជាតិ។ អង្គការយូណេស្កូជឿជាក់ថា ការការពារ និងឆ្មាំមើលបេតិកភណ្ឌវប្បធម៌ពិភពលោក គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០។

ជាថ្មីម្ដងទៀត លោកក៏បានថ្លែងអំណរគុណចំពោះកម្ពុជា និងសមាជិកអាស៊ានសម្រាប់ការប្តេជ្ញាចិត្ត ក្នុងការទទួលស្គាល់នៃសក្តានុពលពេញលេញ នូវអនុសញ្ញាឆ្នាំ១៩៧០ ក្នុងការអភិរក្សបេតិកភណ្ឌរួមជាតិ និងតំបន់ និងទប់ស្កាត់វិនាសកម្មនៃការជួញដូរ និងការលួចប្លន់ខុសច្បាប់ ដែលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន អត្តសញ្ញាណវប្បធម៌ និង ប្រវត្តិសាស្ត្រ សម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា សម្បត្តិវប្បធម៌ គឺជាមូលដ្ឋានគ្រឹះនៃអតីតកាល បច្ចុប្បន្នកាល និងអនាគតរបស់ជាតិសាសន៍នីមួយៗ ដែលតម្រូវឱ្យបណ្តាប្រទេសអ្នកពាក់ព័ន្ធទាំងអស់ រួមគ្នាការពារ និងទប់ស្កាត់ការចរាចរជួញដូរសម្បត្តិវប្បធម៌ខុសច្បាប់ ឱ្យមានប្រសិទ្ធភាព។

លោកស្រីបន្ថែមថា «សម្បត្តិវប្បធម៌ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ ប្រាជ្ញា ចំណេះដឹង និងមោទនភាពជាតិសាសន៍មួយ។ សម្បត្តិវប្បធម៌រួមចំណែកដល់ពិភពលោក និងធ្វើឱ្យជីវិតរបស់យើងកាន់តែសម្បូរបែប តាមរយៈចំណេះដឹងវិទ្យាសាស្ត្រដែលបញ្ជ្រាបចូល ហើយដោយសារតម្លៃជាប្រវត្តិសាស្ត្រនិងភាពងាយខូចខាតរបស់សម្បត្តិវប្បធម៌ វាអាចជាកម្លាំងបង្រួបបង្រួមសម្រាប់ប្រជាជាតិ។ ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ពិភពលោកបានឈានចូលដល់ដំណាក់កាលនៃភាពមិនច្បាស់លាស់ និងអស្ថិរភាព»

ជាលទ្ធផល សកម្មភាពពាក់ព័ន្ធនឹងការលួច និងការជួញដូរដោយខុសច្បាប់នូវសម្បត្តិវប្បធម៌ លោកស្រីបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌ទាំងនោះ សហគមន៍នឹងទទួលបានអត្ថប្រយោជន៍ពីតម្លៃសេដ្ឋកិច្ចរបស់ខ្លួន ដោយសារវាផ្តល់នូវការចិញ្ចឹមជីវិត និងការបង្កើតប្រាក់ចំណូល។

លោកស្រីបានថ្លែងទៀតថា មុនពេលជំងឺរាតត្បាត សិល្បៈ និងវប្បធម៌គឺជាសក្តានុពលសម្រាប់ការងាររាប់លាន និងជាប្រភពនៃកំណើនសេដ្ឋកិច្ចនៅអាស៉ីអាគ្នេយ៍។ ទេសចរណ៍បេតិកភណ្ឌវប្បធម៌ មានសារៈសំខាន់ជាពិសេសសម្រាប់សេដ្ឋកិច្ចរបស់អាស៊ាន ហើយវាត្រូវបានព្យាករណ៍ថាជាកត្តាជំរុញដ៏សំខាន់ ដល់ការកសាងឡើងវិញនូវសេដ្ឋកិច្ចក្រោយជំងឺរាតត្បាតក្នុងតំបន់។

សូមជម្រាបថា ក្នុងឱកាសបើកសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ប្រទេសកម្ពុជារងគ្រោះខ្លាំងជាងគេ ពីការជួញដូរសម្បត្តិវប្បធម៌ បើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ាន ហើយការរងគ្រោះនេះ កើតឡើងដោយសារតែសង្គ្រាមស៉ីវិលនិងអស្ថិរភាព។ លោកបន្តថា ផ្អែកតាមតម្រូវការនៃការរីកចម្រើនទីផ្សារងងឹត ក្នុងការជួញដូរសម្បត្តិវប្បធម៌បានបណ្ដាលឱ្យមានការរលាយខ្ចាត់ខ្ចាយប្រាសាទបេតិកភណ្ឌ និងទីតាំងបុរាណជាច្រើនកន្លែង៕