(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៉ី ADB បាននិងកំពុងសិក្សាស្រាវជ្រាវរៀបចំគម្រោងថ្មី «គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (Skills for Future Economy)» មានគោលបំណងចម្បងគឺធ្វើឱ្យឧស្សាហកម្មនៅកម្ពុជាប្រសើរឡើង។
ជារួមគម្រោងទាំងនេះបានចូលរួមអនុវត្តឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម, គោលនយោបាយអភិវឌ្ឍន៍មុខរបរ និងការងារ, គោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ផែនការយុទ្ធសាស្រ្តសកម្មភាពការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងផែនការមេសម្រាប់ការអភិវឌ្ឍគ្រឹះស្ថាន TVET រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ការបំពាក់ឧបករណ៍សម្ភារ, ការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍកម្មវិធីសិក្សា, ការបណ្តុះបណ្តាល, ប្រាក់ឧបត្ថម្ភសិស្ស, កម្មសិក្សា (គ្រូនិងសិស្ស) និងការសិក្សាផ្អែកលើការងារ។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសជួបជាមួយលោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះបេសកម្ម និងកិច្ចសហប្រតិបត្តិការនាពេលកន្លងមករបស់លោកស្រី Jyotsana Varma ជាមួយរាជរដ្ឋាភិបាលកម្ពូជា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា តាំងពីកម្ពុជាមានសន្តិភាពពេញលេញ ADB បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាដៃគូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាឲ្យមានវឌ្ឍនភាពប្រកបដោយផ្លែផ្កា។
ADB គឺជាដៃគូអភិវឌ្ឍន៍ដ៏ល្អមួយក្នុងរយៈពេលបីទស្សវត្សកន្លងមកនេះ ដោយបានគាំទ្រវិស័យ TVET តាំងពីឆ្នាំ១៩៩៦ ជាមួយនឹងការផ្តល់ហិរញ្ញប្បទានលើគម្រោង Basic Skills Project និងបន្តគាំទ្រវិស័យ TVET តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទី១ និងទី២, គម្រោងពង្រឹងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (STVET), គម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ដែលនឹងចប់ជាស្ថាពរនៅខែកញ្ញា ឆ្នាំ២០២២ និងគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (Skills for Competitiveness) ដែលកំពុងអនុវត្ត ហើយនឹងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ២០២៥។
លោកស្រី Jyotsana Varma បានឱ្យដឹងថា នៅក្នុងដំណាក់កាលកូវីដ-១៩ទាំងADB និងរាជរដ្ឋាភិបាលកម្ពុជា មានកិច្ចការច្រើនណាស់ ដើម្បីរួមគ្នាសម្រេចបានជោគជ័យ ធ្វើយាងណាឲ្យយុវជនទទួលបានការបណ្តុះបណ្តាល ទាំងចំណេះដឹង ជំនាញ កសាងអនាគតរបស់ពួកគេឲ្យភ្លឺស្វាង។ យុវជនកម្ពូជាចាំបាច់ត្រូវមានការអភិវឌ្ឍចំណេះដឹងរបស់ខ្លួនដើម្បីដើរឲ្យទាន់នូវការរីកចម្រើននៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស។
លោករដ្ឋមន្ត្រីក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះពលកម្មជំនាញរបស់កម្ពុជា ដើម្បីផ្គត់ផ្គង់ទៅដល់ទីផ្សារការងារ។ យុវជន និងសហគមន៍មិនទាន់បានផ្តល់តម្លៃទៅលើជំនាញ TVET នេះឲ្យបានច្រើននៅឡើយភាគច្រើនអ្នកដែលបានចូលរៀនជំនាញ TVET ជាក្រុមជនរងគ្រោះ អ្នកបោះបង់ការសិក្សា និងអ្នកដែលធ្វើការហើយ ត្រូវការបណ្តុះបណ្តាលបន្ត។ ដើម្បីធ្វើកិច្ចការទាំងនេះឲ្យមានលទ្ធផលល្អ រដ្ឋាភិបាលកម្ពុជាត្រូវការចូលរួមពី ADB ដែលមានជំនាញនិងបទពិសោធន៍ក្នុងការជួយលើកិច្ចការទាំងនេះបន្ថែមទៀត។
លោករដ្ឋមន្ត្រីបានស្នើដល់ភាគី ADB បន្តជួយជាជំនួយបច្ចេកទេសផ្នែកវិស័យការងារ និងកិច្ចសហប្រតិបត្តិការបន្តទៀតលើវិស័យ TVET ដែលជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការអភិវឌ្ឍធនធានមនុស្សនេះ។
ពាក់ព័ន្ធនឹងក្តីកង្វល់របស់លោករដ្ឋមន្ត្រីទៅលើកង្វះខាតកម្លាំងពលកម្មជំនាញ លោកស្រីបានបញ្ជាក់ថា កម្ពុជាត្រូវផ្តោតលើវិស័យអាទិភាពមួយចំនួនឲ្យក្លាយជាវិស័យនាំមុខ ដោយការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ជាដើម ដោយមានការទទួលស្គាល់ជំនាញពីគ្នាទៅវិញទៅមក។ ចំណែក ការជំរុញឲ្យមានការចុះឈ្មោះចូលរៀនជំនាញ TVET លោកស្រីចង់ឲ្យកម្ពុជាបង្កើតជាទូតសុឆន្ទៈគម្រូឲ្យបានច្រើន ដើម្បីពន្យល់ពីភាពជោគជ័យ បន្ទាប់ពីបានរៀនជំនាញ TVET នេះ ទៅកាន់យុវជន និងសហគមន៍ឲ្យបានយល់ដឹងកាន់តែទូលំទូលាយ។
ចំពោះសំណើរបស់លោករដ្ឋមន្ត្រី ដើម្បីឲ្យ ADB ជួយជាជំនួយបច្ចេកទេស និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនោះ លោកស្រីរីករាយនិងយកសំណើទាំងនេះទៅជជែកពិភាក្សាជាមួយសហការីរបស់លោកស្រីបន្ថែមទៀត៕