(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់ដល់លោកតា លោកយាយ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌមានជ័យ សហការជាមួយអង្គការមូលនិធិចក្ខុខ្មែរ ពិនិត្យ និងវះកាត់ភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន ដោយក្រុមគ្រូពេទ្យមកពីបរទេស នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ នៅសាលាខណ្ឌមានជ័យ។

លោកស្រី ហួត ឃីម អភិបាលរងខណ្ឌមានជ័យ តំណាងលោក ហែម ដារិទ្ធិ បានឲ្យដឹងថា បានឲ្យដឹងថា កម្មវិធីនេះ មានជំនួយពីលោកវេជ្ជបណ្ឌិត Sean Ngu ជាប្រធានមូលនិធិចក្ខុខ្មែរ មានការពិនិត្យ និងវះកាត់ភ្នែកឡើងបាយ និងភ្នែកដុះកន្ទុយថ្លែន ដោយមិនគិតថ្លៃ។ ការពិនិត្យភ្នែកនេះ គឺមានផ្តល់ជូនវ៉ែនតាខ្មៅ សម្រាប់ការពារពន្លឺថ្ងៃ និងវ៉ែនតាអានអក្សរ ព្រមទាំងមានផ្តល់ថ្នាំបន្តក់ភ្នែកផងដែរ។

លោកស្រី ហួត ឃីម បានបញ្ជាក់ថា ការចែកជូននេះ បន្ទាប់ពីបានពិនិត្យដោយក្រុមគ្រូពេទ្យរួច និងប្រសិនបើពិនិត្យឃើញថា ភ្នែកមានឡើងបាយ និងមានដុះកន្ទុយថ្លែន ក្រុមគ្រូពេទ្យនឹងមានការណាត់ជួប ដើម្បីវះកាត់ដោយក្រុមគ្រូពេទ្យបរទេស និងមិនគិតថ្លៃក្នុងការវះកាត់ឡើយ។

ក្នុងឱកាសនោះ លោកស្រីអភិបាលរង បានថ្លែងអំណរគុណដល់ក្រុមការងារគ្រូពេទ្យ លោកវេជ្ជបណ្ឌិត Sean Ngu ដែលបានចុះធ្វើសកម្មភាព ពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ មកពី៧សង្កាត់ នៅក្នុងខណ្ឌមានជ័យ មានប្រមាណជាង៤០០នាក់។

ប្រជាពលរដ្ឋដែលបានមកពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃ បានបង្ហាញអារម្មណ៍រីករាយ ចំពោះអាជ្ញាធរខណ្ឌមានជ័យ ពិសេសអភិបាលខណ្ឌ ពីការយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕