(ភ្នំពេញ)៖ នាយករដ្ឋមន្រ្តីស្តីទី សម្ដេចក្រឡាហោម ស ខេង និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះ មានសម្រេចដាក់ចេញនូវទិសដៅ៩ចំណុចបន្ថែម ដើម្បីសម្រេចការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន ក្រោយពីបានធ្វើការបូកសរុបការងារការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ឆ្នាំ២០១៦រួចមក។ នៅរសៀលថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមដឹកនាំប្រជុំបូកសរុបការងារច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពីអគ្គស្នងការនគរបាលជាតិ និងមន្រ្តីនគរបាលជាន់ខ្ពស់មួយចំនួនទៀត។
សម្ដេចក្រឡាហោម បានថ្លែងថា ទិសដៅទាំង៩ចំណុចនោះ រួមមាន៖ ទី១. បន្តជំរុញការផ្សព្វផ្សាយ និងអប់រំច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានទូលំទូលាយបន្ថែមទៀត តាមគ្រប់រូបភាពដល់ប្រជាពលរដ្ឋ នៅតាមផ្ទះ ឱ្យបានគ្រប់ៗគ្នា, ទី២. បន្តការរឹតបន្តឹង ត្រួតពិនិត្យការអនុវត្តច្បាប់ ឱុំយបានជាប់ជាប្រចាំទាំងយប់ទាំងថ្ងៃ ពិសេសផ្ដោតលើបញ្ហាអាទិភាព ដូចជា ការបើកបរហួសល្បឿនកំណត់ពិនិត្យជាតិស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព លក្ខណៈបច្ចេកទេស ជាដើម ទី៣. បន្តជំរុញអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក តាមរាជធានី-ខេត្ត, ទី៤. សិក្សាស្រាវជ្រាវវិធានការគ្រប់គ្រងគោយន្ត ឱ្យមានលក្ខណៈបច្ចេកទេសធានាសុវត្ថិភាព និងវិធានការពិសេស ដើម្បីគ្រប់គ្រងអ្នកប្រើប្រាស់ម៉ូតូទំហំក្រោម ១២៥CC ទី៥. បន្តសិក្សា និងបំពាក់ឧបករណ៍បច្ចេកទេសត្រួតពិនិត្យល្បឿន ជាតិស្រវឹង និងបង្កើនសមត្ថភាពមន្រ្តី ទី៦. ជំរុញការបំពាក់ស្លាកសញ្ញាចរាចរណ៍ និងដោះស្រាយការកកស្ទះចរាចរណ៍ តាមរយៈការបង្កើនមធ្យោបាយដឹកជញ្ជូនសាធារណៈ ការបង្កើនចំណតសាធារណៈ ការបន្ថែមភ្លើងស្តុប ទី៧. បន្តធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងតាក់តែងបទដ្ឋាននានា បម្រើដលការអនុវត្តច្បាប់, ទី៨. បន្តពង្រឹងយម្តការតាមដានប្រតិកម្មរបស់សាធារណៈជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងទី៩. អនុវត្តទិសដៅ តាមស្មារតីប្រជុំនាថ្ងៃ២ ខែមិថុនា ឆ្នាំ២០១៦។ សូមជម្រាបថា ការងារប្រចាំខែឧសភា ទទួលបានលិទ្ធផលរួមមាន៖ បានត្រួតពិនិត្យយានយន្តសរុប ចំនួន៩១២,៩១៧គ្រឿង, បានរកឃើញយានយន្តល្មើស ចំនួន១១៧,៩៩០គ្រឿង, បានធ្វើការអបរំ ចំនួន៤៩,៨៧៤គ្រឿង, បានធ្វើការពិន័យ ចំនួន៦៨,១១៦គ្រឿង, ត្រួតពិនិត្យល្បឿន និងអ្នកបើកមានជាតិស្រវឹង ចំនួន៦,៨៥៣គ្រឿង, បានផ្ដល់សេវាសាធារណៈ ដោយឱ្យម្ចាស់យានយន្តទៅចុះបញ្ជី មានចំនួន៦៤,៤០៤គ្រឿង៕