(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានថ្លែងថា អ្នកកើតជំងឺអេដស៍ និងផ្ទុកមេរោគអេដស៍ ពេលឆ្លងជំងឺកូវីដ១៩ ជាមូលហេតុដែលអាចពន្លឿននៃការសា្លប់របស់គាត់ ប្រសិនបើមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ដូច្នេះអគ្គនាយកបច្ចេកទេសសុខាភិបាល បានជំរុញដល់មន្ដ្រីពាក់ព័ន្ធ ពេលផ្ដល់ប្រឹក្សា និងថែទាំព្យាបាលអ្នកកើតជំងឺអេដស៍ និងផ្ទុកមេរោគអេដស៍ ឱ្យក្រើនរម្លឹក និងជំរុញលើកទឹកចិត្ដគាត់ ឱ្យមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោកវេជ្ជបណ្ឌិតបានថ្លែងបន្ដថា «ករណីដែលយើងបានឃើញកន្លងមក គឺអ្នកកើតជំងឺអេដស៍ បូករួមទាំងវ័យចាស់ និងមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងនោះ ជាមូលហេតុដែលអាចពន្លឿនៃការស្លាប់របស់គាត់»

ការថ្លែងដូច្នេះរបស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង ក្នុងឱកាសបើកសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការបង្ការការចម្លងរោគ នៅក្នុងសេវាថែទាំ និងព្យាបាលជំងឺអេដស៍ក្នុងបរិបទជំងឺកូវីដ១៩ ជាសកល» នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ នាសណ្ឋាគារ តារាអ៊ែរផត រាជធានីភ្នំពេញ។

សិក្ខាសាលារយៈពេលពីរថ្ងៃនេះ ក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ លោកបណ្ឌិត កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋាន មន្ទីរពេទ្យនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិ កំចាត់រោគរបេង និងហង់សិន, លោកវេជ្ជបណ្ឌិត លី វណ្ណធី អនុប្រធានមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) និងលោកស្រី សេង សុភា ព តំណាងអង្គការ FHI 360 ប្រចាំកម្ពុជា។

អគ្គនាយកបច្ចេកទេសសុខាភិបាល លោកវេជ្ជបណ្ឌិត ហុក គឹមចេង បានថ្លែងថា ដូចយើងបានដឹងហើយថា កម្ពុជាបានទទួលជោគជ័យក្នុងការរុករកនៃអ្នកផ្ទុកមេរោគអេដស៍ ឱ្យមកទទួលសេវាថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ការទួលបានសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងក្នុងចំណោមអ្នកជំងឺ ដែលទទួលបានការព្យាបាលមានលទ្ធផលបង្រ្កាបមេរោគអេដស៍ បាននាំកម្ពុជាក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសប្រាំពីរ ដែលបានសម្រេចគោលដៅនេះមុនឆ្នាំ២០២០។

លោកវេជ្ជបណ្ឌិតបានបន្ដថា «យើងទាំងអស់គ្នា ពិតជាមានមោទនភាពដែលថា ការធ្វើតេស្ដឈាមរកមេរោគអេដស៍ និងការទទួលសេវាព្យាបាល ដោយឱសថព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ ឱ្យបានឆាប់បំផុតអាចជួយសង្គ្រោះជីវិត និងកាត់បន្ថយបរិមាណមេរោគអេដស៍ ក្នុងឈាមដល់កម្រិតមិនអាចរាប់បាន ដែលនាំឱ្យមានការកាត់ផ្ដាច់ការឆ្លងថ្មីនៃមេរោគអេដស៍។ ដូច្នេះគេអាចនិយាយបានថា ការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ដើរតួនាទីដ៏សំខាន់ គឺមិនត្រឹមតែអាចសង្គ្រោះអាយុជីវិតរបស់អ្នកផ្ទុកមេរោគអេដស៍ ឱ្យរស់នៅបានយូរអង្វែរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចបញ្ឈប់ការឆ្លងរាលដាលនៃមេរោគអេដស៍ទៀតផង»

ទន្ទឹមនឹងនោះ លោកវេជ្ជបណ្ឌិត ក៏បានគាំទ្រឱ្យមានការពិចារណាក្នុងការផ្សារភ្ជាប់ ឬការដាក់បញ្ជូលគ្នារវាងសេវាថែទាំព្យាបាលជំងឺអេដស៍នៅតាមមូលដ្ឋានសុខាភិបាលបន្ថែមទៀត ដូចជា សេវាព្យាបាលជំងឺមិនឆ្លង សេវាសុខភាពផ្លូវចិត្ដ សេវាពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺមហារីកមាត់ស្បូន ដើម្បីឈានឱ្យយើងអាចឈានទៅសម្រេចបាននូវទិសដៅអង្គការ UNAIDS ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

ក្រសួងសុខាភិបាល បានយកចិត្ដទុកដាក់ខ្ពស់ក្នុងការបង្ការចម្លងរោគ នៅតាមសេវាសុខភាពសាធារណៈ ដូចនេះហើយ ដើម្បីចូលរួមចំណែកក្នុងការបង្ការទប់ស្កាត់ និងពង្រឹងវិធានការបង្ការការចម្លងរោគ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សហការជាមួយនាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានអនុវត្ដគម្រោង «ការបង្ការ និងគ្រប់គ្រងការចម្លងរោគ (IPC)» ឧបត្ថម្ភថវិកា ដោយមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US CDC) គម្រោងនេះត្រូវបានអនុវត្ដនៅតាមសេវាថែទាំ និងព្យាបាលជំងឺអេដស៍ទាំង ៣១កន្លែង ក្នុង២៥រាជធានីខេត្ដ៕