(សៀមរាប)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ (DGP) នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាសម្រាប់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពន្ធនាគារ និងប្រធានពន្ធនាគារទូទាំងប្រទេស ដែលសហការរៀបចំដោយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប។
សិក្ខាសាលានេះ មានការចូលរួមពីលោកស្រី Dena Fisher ប្រធានបេសកកម្ម ICRC និងសហការី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធាននាយកដ្ឋានជំនាញទាំង៥ នៃអគ្គនាយកដ្ឋានពន្ធនាគារ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានីខេត្តផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ឆែម សាវុធ បានលើកឡើងថា សិក្ខាសាលានេះ គឺជាឱកាសឆ្លុះបញ្ចាំង នូវសកម្មភាពការងារ និងនិន្នាការអនុវត្ត ស្របតាមក្របខណ្ឌគោលនយោបាយ កំណែទម្រង់ពន្ធនាគារ ក្រសួងមហាផ្ទៃ ផែនការយុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំ (២០១៩-២០២៣) របស់អគ្គនាយកដ្ឋានពន្ធនាគារ និងទិសដៅជាសារវន្តនៃការងារគ្រប់គ្រងជនជាប់ឃុំ តាមរយៈប្រធានបទ ដែលមានសារៈសំខាន់រួមមាន៖
*ទី១៖ ប្រភេទជនជាប់ឃុំដែលងាយរងគ្រោះ
*ទី២៖ បទបង្ហាញស្តីពី តួនាទីរបស់ក្រុមការងារបច្ចេកទេស សុខាភិបាលពន្ធនាគារ (TWG) និងសារៈប្រយោជន៍ដល់ការងារលើកកម្ពស់ សុខភាពជនជាប់ឃុំនៅតាមពន្ធនាគារនីមួយៗ
*ទី៣៖ បម្រែបម្រួលអាកាសធាតុ និងផលប៉ះពាល់ ដល់ការគ្រប់គ្រងពន្ធនាគារ។
សូមជម្រាបថា ក្នុងក្របខណ្ឌនៃការកសាងសមត្ថភាពសម្រាប់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធនាគារ ICRC និង DGP បានរួមគ្នារៀបចំសិក្ខាសាលា សម្រាប់ប្រធានពន្ធនាគារទូទាំងប្រទេស ជារៀងរាល់ឆ្នាំ៕