(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោក សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អមដំណើរដោយលោក ឡស់ រ៉ូហ្សាក់ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោកបណ្ឌិតអូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ព្រមទាំងមន្ត្រីអាជ្ញាធរដែនដី បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ងាយរងគ្រោះ ចំនួន២០០គ្រួសារ នៅភូមិចំការដូង ក្រុងច្បាមន ខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសនោះលោក សាន់ សារ៉ន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកបណ្ឌិត អូស្មាន ហាស្សាន់ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកជាទីបំផុតបំផុត។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំកម្ពុជា ឲ្យក្លាយជាប្រទេសដែលទទួលបានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកបន្ដថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៀតនោះ រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ពលរដ្ឋកម្ពុជាផងដែរ។ លោកបន្ថែមថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ កម្ពុជាបានក្លាយប្រទេសមួយដែលបានទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ ប្រកបដោយលទ្ធផលល្អ និងមានការកោតសរសើរពីបណ្ដាប្រទេសផ្សេង។

លោក សាន់ សារ៉ន បានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ទៅទទួលវ៉ាក់សាំងដូសជំរុញលើកទី៣ ទី៤ ឬទី៥ ព្រមទាំងនាំកូនចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។

បន្ថែមពីនេះ លោកបានលើកពីសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជាទទួលបាន រាជរដ្ឋាភិបាលកម្ពុជា ដោយកម្ពុជាបានផ្ដល់គ្រូក្របខ័ណ្ឌខ្មែរឥស្លាម ចំនួន១,៥០០នាក់ និងរៀបចំឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម ចូលរួមបម្រើការងារជាមួយ រដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដើម្បីបម្រើការងារ ដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋកម្ពុជា។ ទាំងនេះគឺជាសមិទ្ធផលដែលកេីតឡេីងដោយកត្តាសុខសន្តិភាព ដែលរកមកដោយលំបាកដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះត្រូវអរគុណសន្តិភាព ព្រមទាំងបន្តគាំទ្រចំពោះរាជរដ្ឋាភិបាល ដេីម្បីបន្តរក្សាបាននូវសុខសន្តិភាពនេះឲ្យបានយូរអង្វែងតទៅមុខទៀត។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូក្រាម, ប្រេងឆា២លីត្រ, ស្ករស២គីឡូក្រាម, មីខ្លាឃ្មុំ១០កញ្ចប់, ត្រីខ៤កំប៉ុង, អំបិល១គីឡូក្រាម, សាប៊ូដុសខ្លួន៤ដុំ និងសាប៊ូលាងចាន១ដប។

សម្រាប់អំណោយដែលទទួលបានពី ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ដែលជាធនាគាររបស់បណ្ដាប្រទេស ជាសមាជិក នៃអង្គការ សហប្រតិបត្តិការឥស្លាម (OIC) ដែលមាន ៥៧ ប្រទេសជាសមាជិក និងមានស្នាក់ការកណ្ដាល នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានសហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា សម្រាប់ចែកជូនប្រជាពលរដ្ឋកម្ពុជាមាន ៣,០០០ កញ្ចប់ ក្នុងនោះចែកជូនប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ចំនួន៦០០កញ្ចប់, ខេត្តកណ្តាល ៤០០កញ្ចប់, ខេត្តកំពង់ឆ្នាំង ៤៥០កញ្ចប់, ខេត្តកំពង់ស្ពឺ ២០០កញ្ចប់, ខេត្តពោធិ៍សាត់ ៦០០កញ្ចប់, ខេត្តបាត់ដំបង ៤៥០កញ្ចប់ និងខេត្តបន្ទាយមានជ័យ ៣០០កញ្ចប់។

ធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB) ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតបញ្ញវន្តមុស្លិមកម្ពុជា សរុបចំនួន១០៥នាក់ ក្នុងនោះមានស្រី ៤២នាក់ និងមាន ២៤ជំនាញខុសៗគ្នា ដោយគិតមកដល់សព្វថ្ងៃនេះ បានបញ្ចប់ការសិក្សា ៩៤នាក់ (ស្រី ៣៥នាក់) ក្នុងនោះសិក្សាក្នុងប្រទេសមានចំនួន ៥៣នាក់ (ស្រី ១៩នាក់) សិក្សានៅប្រទេសឥណ្ឌូនេសុី ៣៣នាក់ (ស្រី១២នាក់) និងសិក្សាប្រទេសប៉ាគីស្ថាន ០១នាក់។

អ្នកកំពុងបន្តការសិក្សាក្រោមអាហារូបករណ៍ នៃធនាគារខាងលើមានចំនួន ១១នាក់ ស្រី០៧នាក់ សិក្សានៅក្នុងប្រទេសកម្ពុជា។ គិតមកត្រឹមបច្ចុប្បន្ននេះមាន ០៧នាក់ ដែលជាអតីត និសិ្សតអាហារូបករណ៍ខាងលើ បានក្លាយជាអ្នកនយោបាយជាន់ខ្ពស់ នៅក្នុងកម្ពុជាផងដែរ។ លើសពីនោះទៀតនោះ ធនាគារអភិវឌ្ឍន៍ឥស្លាម ក៏បានជួយសាងសង់សាលារៀនជាច្រើនខ្នងដល់សហគមន៍ឥស្លាមកម្ពុជា ដូចជានៅមជ្ឈមណ្ឌលឥស្លាមកម្ពុជា និងនៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗជាច្រើនទៀតផងដែរ៕