(ភ្នំពេញ)៖ បន្ទប់ទឹក និងបង្គន់អនាម័យ ដែលឧកញ៉ា ម៉ុង ឫទ្ធី សាងសង់សម្រាប់ប្រជាពលរដ្ឋទៅរកសេវានៅមន្ទីរពេទ្យគន្ធបុប្ផា នឹងត្រូវដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃនៅសប្តាហ៍ក្រោយនេះហើយ ខណៈរោងអង្គុយរង់ចាំចំនួន ១០បន្ថែមទៀត នឹងត្រូវសាងសង់ជូនប្រជាពលរដ្ឋ ផងដែរ។
ឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងប្រាប់ Fresh News នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦នេះថា បន្ទប់ទឹក និងបង្គន់អនាម័យនេះ អាចឲ្យមនុស្ស ចូលបន្ទោរបង់បានម្តង ៥នាក់ ហើយអាចចូលបទជើងតូច ឬ ងូតទឹកឲ្យក្មេងតូចៗ បាន ១០នាក់បន្ថែមទៀត។ លោកឧកញ៉ាចិត្តធម៌រូបនេះ មិនបានបង្ហាញទឹកប្រាក់ ដែលបានចំណាយលើការសាងសង់នោះទេ។
មិនត្រឹមតែសាងសង់បន្ទប់ទឹក និង បង្គន់អនាម័យបម្រើជាប្រយោជន៍ជូនប្រជាពលរដ្ឋនោះទេ លោកឧកញ៉ា ក៏គ្រោងជ្រើសរើសមនុស្សម្នាក់ ទៀត ឲ្យនៅមើលថែបន្ទប់ទឹក និងបង្គន់អនាម័យនេះ ដោយផ្តល់លុយផ្ទាល់ខ្លួនរបស់ឧកញ៉ាជាប្រាក់បៀវត្សរ៍សម្រាប់ការមើលថែទាំនេះ។ លោកឧកញ៉ា បានបញ្ជាក់ថា បើមិនរើសមនុស្សឲ្យមើលថែទេ បន្ទប់ទឹក និង បង្គន់អនាម័យនេះ ច្បាស់ជាមិនអាចរក្សាអនាម័យបានល្អនោះ ឡើយ ព្រោះអ្នកប្រើប្រាស់ចេញចូលច្រើនក្នុងមួយថ្ងៃៗ។
ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា ការចាប់ផ្តើមសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យសាធារណៈ បន្ទាប់ពីរូបលោកមើលឃើញប្រជាពលរដ្ឋ ខ្មែរជាច្រើន ដែលយកកូនៗទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាជួបការលំបាកពេលត្រូវបន្ទោបង់ម្តងៗ។ លោករំពឹងថា បន្ទប់ទឹក និងបង្គន់ អនាម័យនេះ នឹងជួយដោះស្រាយកង្វះកន្លែងបន្ទោបង់របស់ប្រជាពលរដ្ឋ ដែលមករកសេវានៅមន្ទីរពេទ្យគន្ធបុប្ផានេះ។
ឧកញ៉ា ម៉ុង ឬទ្ធី បានបន្ថែមថា លោក ក៏គ្រោងធ្វើកន្លែងអង្គុយរង់ចាំចំនួន ១០បន្ថែមទៀត ទៅដាក់នៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួល ដល់ការអង្គុយរង់ចាំរបស់ប្រជាពលរដ្ឋ។ ការសាងសង់រោងរង់ចាំបន្ថែមនេះ បន្ទាប់ពីលោកបានទទួលដំណឹងពីខាងមន្ទីរពេទ្យគន្ធបុប្ផាថា មានអ្នកជំងឺចាប់ពី ១,០០០នាក់ ទៅ ២,០០០នាក់ មកទទួលសេវាព្យាបាលពីមន្ទីរពេទ្យក្នុងមួយថ្ងៃ ហើយត្រូវមករង់ចាំយកលេខចាប់ពីម៉ោង ១២យប់ ក៏មាន ហើយរោងរង់ចាំ ដែលយកមកដាក់ចំនួន ១០កាលពីឆ្នាំ២០១៥ មិនអាចឲ្យប្រជាពលរដ្ឋអង្គុយ ឬជ្រកគ្រប់គ្នានោះ ឡើយ។
លោកឧកញ៉ា ម៉ុង ឬទ្ធី បានបញ្ជាក់ទៀតថា «ខ្ញុំនឹងខិតខំបំពេញ តាមសំណូមពរនេះ ឲ្យបាននៅចុងសបា្តហ៍ក្រោយនេះ នឹងអាចយកមកដាក់ជូន ដើម្បីកុំឱ្យប្រជាជន និង កុមារទទឹកភ្លៀងនៅពេលដែលមករង់ចាំ»។ ឧកញ៉ា ម៉ុង ឫទ្ធី ក៏ព្រមជួយជួសជុលការ៉ូឡាមួយចំនួន ដើម្បីកុំឱ្យជំពុបជើងប្រជាជនផងដែរ។
រោងអង្គុយរង់ចាំ ក៏ដូចជាបន្ទប់ទឹក និងបង្គន់អនាម័យ ដែលឧកញ៉ា ម៉ុង ឫទ្ធី សាងសង់ឡើងបម្រើជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋយកកូនទៅព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផានេះ នាំឲ្យប្រជាពលរដ្ឋសម្តែងការសប្បាយរីករាយ និងគោរពស្ញប់ស្ញែងខ្លាំងចំពោះទឹកចិត្តសប្បុរស របស់ឧកញ៉ា ម៉ុង ឫទ្ធី។ លោក ម៉ុង ឫទ្ធី ត្រូវបានគេមើលឃើញថា តែងតែបានធ្វើសកម្មភាពមនុស្សធម៌ជាច្រើនដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។
ឆ្លើយនឹងសំណួរថា អ្វីជាគោលបំណងនាំឲ្យលោកស្រឡាញ់ និង ចូលចិត្តធ្វើសកម្មភាពមនុស្សធម៌? ឧកញ៉ា ម៉ុង ឫទ្ធី បានឆ្លើយថា ពេលវេ លារបស់លោកចេះតែរំកិលទៅមុខ ហើយពេលវេលា ដែលលោកជួយមនុស្សទីទ័លក្រនៅខ្លីណាស់ ដូច្នេះអ្វី ដែលលោកអាចជួយបាន លោកនឹងព្យាយាមជួយ។
លោកឧកញ៉ា បានលើកឡើងទៀតថា លោកតែងផ្សព្វផ្សាយនូវសកម្មភាពមនុស្សធម៌របស់លោក ដូច្នេះបើអ្នកមានធនធានដទៃយល់ថា សកម្មភាពមនុស្សធម៌នេះល្អ លោក ក៏លើកទឹកចិត្តឲ្យរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋជាមួយរាជរដ្ឋាភិបាល៕