(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ បានរៀបចំពីធីសំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ៧មករា ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹងសរុប៨០គ្រួសារ ដែលមក៨សង្កាត់ ក្នុងខណ្ឌ៧មករា ក្រោមអធិបតីភាព លោក ថេង សុថុល អភិបាលខណ្ឌ ដែលធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យបាក់ទូក។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់គ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ពោល «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
ជាមួយគ្នានេះ លោកអភិបាលក៏សូមឱ្យគ្រួសារទាំងអស់ មេត្តាខិតខំថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត វិចខ្ចប់ទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានស្នើឲ្យសង្កាត់ទាំង៨ ធ្វើបញ្ជីបច្ចុប្បន្នភាពប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាសជរាគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលងាយរងគ្រោះខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ឬដោយរងគ្រោះដោយ ប្រការណាមួយ ត្រូវពិនិត្យ និងយកចិត្តទុដាក់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យអនុសាខាកាកបាទក្រហមខណ្ឌ៧មករា បន្តសកម្មភាពមនុស្សធម៌ឲ្យដូចភ្លៀងរលឹម នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ពោលគឺ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល»។
អំណោយមនុស្សធម៌ ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ១បាវ, ទឹកត្រី ឬទឹកស៊ីអ៉ីវ ១យួរ, មី ១កេស, ទឹកសុទ្ធ ១កេស និងថវិកា ២ម៉ឺនរៀល ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕