(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីពិភាក្សា និងដោះស្រាយករណីវិវាទដីធ្លីអតីតព្រលានយន្តហោះ ស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
នៅក្នុងអង្គប្រជុំនេះ បានសម្រេចឯកភាពគ្នាលើគោលការណ៍មួយចំនួន ដូចខាងក្រោម៖
*ទី១៖ បន្តចុះពិនិត្យធ្វើបច្ចុប្បន្នភាពកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ដីអាស្រ័យផលជាក់ស្តែង
*ទី២៖ បន្តដោះស្រាយលើគ្រួសារ ចំនួន២៥គ្រួសារ ក្នុងនោះ មាន១៧គ្រួសារ មានលំនៅដ្ឋាននៅទីនោះ និង៨គ្រួសារទៀត បន្តនីតិវិធីនៃការដោះស្រាយ
*ទី៣៖ រៀបចំចងក្រងឯកសារ ធ្វើរបាយការណ៍ ជូនក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំគោលការណ៍ដឹកនាំបន្ត៕