(ស្វាយរៀង)៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា (គណៈកម្មការទី១) ដែលដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការ និងជាប្រធានគណៈប្រតិភូ នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ បានសំណេះសំណាល និងស្វែងយល់អំពីវឌ្ឍនភាព និងយន្តការដោះស្រាយករណីទំនាស់ដីធ្លីនៅក្នុងខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពី លោក រស់ ផារិទ្ធ អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះលោក រស់ ផារិទ្ធ បានរាយការណ៍ជូនគណៈប្រតិភូអំពីស្ថានភាពទូទៅ និងការអភិវឌ្ឍខេត្ត ព្រមទាំងវឌ្ឍនភាព និងយន្តការដោះស្រាយករណីទំនាស់ដីធ្លីរបស់ខេត្តស្វាយរៀង ជូនគណៈប្រតិភូផងដែរ។
ជាមួយគ្នានេះ គណៈកម្មការ រដ្ឋសភា បានកោតសរសើរចំពោះការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋបាលខេត្ត និងសូមឱ្យរដ្ឋបាលខេត្ត ធ្វើការចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយករណីទំនាស់ដីធ្លីបានល្អ ក៏ដូចជាការសម្របសម្រួល ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម មានលក្ខណៈល្អប្រសើរ ទទួលបានជោគជ័យ និងមានប្រសិទ្ធភាព ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ ព្រមទាំងបានកាត់បន្ថយការធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅខេត្ត និងក្រៅប្រទេសរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕