(សៀមរាប)៖ ពលរដ្ឋដែលស្ម័ត្រចិត្តរុះរើផ្ទះ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្នុងភូមិទក្សិណខាងត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បាននាំគ្នាមកពិនិត្យក្បាលដី និងកាប់ឆ្ការ ដើម្បីរៀបចំសាងសង់ផ្ទះ នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News អ្នកស្រី ផាន់ ងិ មកពីភូមិទក្សិណខាងត្បូងតាំងពីឆ្នាំ១៩៩០ បានលើកឡើងទាំងទឹកមុខញញឹមថា ជាលើកដំបូងដែលអ្នកស្រីបានមកមើលដី នៅក្នុងភូមិធម្មជាតិរុនតាឯក ដែលរាជរដ្ឋាភិបាល តម្រូវឲ្យពលរដ្ឋដែលសង់លំនៅខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយផ្លាស់មករស់នៅក្នុងភូមិធម្មជាតិរុនតាឯកវិញ។
បន្ទាប់ពីបានមកដល់ក្នុងភូមិធម្មជាតិរុនតាឯក អ្នកស្រីបានពិនិត្យរកមើលក្បាលដី ដែលបានចាប់ឆ្នោតកាលពីចុងខែសីហាកន្លងទៅ។ ចំពោះក្រុមគ្រួសាររបស់អ្នកស្រី គឺស្ម័គ្រចិត្តររើផ្ទះទាំងអស់ ដោយមិនប្រឆាំងជាមួយនឹងអាជ្ញាធរ មានសមត្ថកិច្ច ក្នុងការរៀបចំតំបន់រមណីយដ្ឋានអង្គរ ឱ្យមានសណ្ដាប់ធ្នាប់ និងកាន់តែស្រស់ស្អាត ដើម្បីជាការទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកកំសាន្តជាហូរហែផងដែរ។
អ្នកស្រីបានបន្តថា បន្ទាប់ពីបានមកដល់ភូមិធម្មជាតិរុនតាឯក អ្នកស្រីមានការសប្បាយរីករាយជាខ្លាំង ដោយឃើញបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកពិនិត្យមើលក្បាលដី និងខ្លះទៀតបានកាប់ឆ្ការ ដើម្បីរៀបចំសាងសង់ផ្ទះ ព្រមទាំងឃើញមានគ្រឿងចក្រជាច្រើន កំពុងតែស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំណែកសាលារៀន ក៏បានសង់រួចនឹងកំពុងដំណើរការសិក្សាផងដែរ។
ចំណែកអ្នកស្រី ស៊ួន ណា ដែលមកពីភូមិទក្សិណខាងត្បូង កំពុងពិនិត្យរកក្បាលដី បានលើកឡើងប្រហាក់ប្រហែលគ្នាថា កាលដែលចាប់ឆ្នោតជ្រើសក្បាលដីដំបូង អ្នកស្រីមានការព្រួយបារម្ភជាខ្លាំង ចំពោះការសិក្សារៀនសូត្រ របស់កូនៗ ដោយគិតថា សាលានៅឆ្ងាយ អ្នកស្រីមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ជូនពួកគាត់ទៅរៀន បានទៀងទាត់ និងទាន់ពេលវេលាននោះទេ។ ប៉ុន្តែបន្ទាប់ពីអ្នកស្រីបានមកដល់ភូមិធម្មជាតិរុនតាឯក អ្នកស្រីបានឃើញ សាលារៀនថ្មីដ៏ស្រស់ស្អាត និងមានទីធ្លាធំទូលាយ ព្រមទាំងមានសិស្សានុសិស្សជាច្រើនកំពុងសិក្សា ធ្វើឱ្យអ្នកស្រីមានការសប្បាយរីករាយជាខ្លាំង ហើយក៏សង្ឃឹមថា នៅថ្ងៃអនាគតភូមិនេះ នឹងមានការរីកចម្រើនមិនចាញ់ ទីក្រុងសៀមរាបនោះឡើយ។
ដោយឡែកអ្នកស្រី ទូច យ៉ានណារិទ្ធ មានការសប្បាយរីករាយជាខ្លាំង ដែលបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរៀបចំឱ្យប្រជាពលរដ្ឋរស់នៅភូមិទក្សិណខាងត្បូង និងភូមិវាល ផ្លាស់ឱ្យមករស់នៅក្នុង ភូមិធម្មជាតិរុនតាឯក។ អ្នកស្រីលើកថា នៅភូមិធម្មជាតិរុនតាឯក បន្តិចទៀតនឹងមានការអភិវឌ្ឍទៅមុខ បន្ទាប់ពីប្រជាជនមករស់នៅច្រើន ហើយក៏អាចប្រកបរបរ ដើម្បីផ្គត់ផ្គង់ជីវភាពនៅក្នុងគ្រួសារបានដែរ។ ដោយជាស្រ្តីមេម៉ាយ អ្នកស្រីក៏បានស្នើរដល់អាជ្ញាធរ ឱ្យជួយដឹកជញ្ជូនសម្ភារៈ ដើម្បីឱ្យអ្នកស្រីរស់នៅបន្តទៀត។
ជាមួយនេះដែរ ពលរដ្ឋដែលបានមកពិនិត្យមើលក្បាលដី និងខ្លះទៀតកំពុងកាប់ឆ្ការ ដើម្បីសាងសង់ផ្ទះ បានស្នើដល់អាជ្ញាធរជួយពន្លឿនរាល់ការសាងសង់ផ្សារ មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធឱ្យបានលឿន ដើម្បីឲ្យពួកគាត់ឆាប់បានមករស់នៅនឹងប្រកបមុខរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិតផងដែរ៕