(ព្រះវិហារ)៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដែលកំពុងរស់នៅលើទីទួលសុវត្ថិភាពបណ្តោះអាសន្ន ហើយមានជីវភាពខ្វះខាត នៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានលោក យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ប៉ុក ងួន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះវិហារ រួមជាមួយក្រុមការងារ។
នៅក្នុងឱកាសនោះលោក យុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសពាំនាំប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខនិងការរស់នៅរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
លោក យុង គឹមហ៊ាន បានថ្លែងប្រាប់ប្រជាពលរដ្ឋនូវការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសពលរដ្ឋរស់នៅតាមដងស្ទឹងសែន និងពលរដ្ឋរស់នៅតំបន់ងាយរងគ្រោះមួយចំនួន ស្របពេលកម្ពស់ទឹកស្ទឹងសែនឡើងលើសកម្រិតប្រកាសអាសន្ន ដោយលោកអភិបាលខេត្តតែងចុះពិនិត្យស្ថានភាពទឹកជំនន់គ្រប់ទីកន្លែងទាំងអស់ក្នុងខេត្ត ដើម្បីត្រៀមលក្ខណៈ និងមានវិធានការជួយសង្រ្គោះប្រជាពលរដ្ឋយើងបានទាន់ពេលវេលា។
ក្នុងរយៈពេល នៃជំនន់ទឹកភ្លៀង និងកម្ពស់ទឹកស្ទឹងសែនឡើងលើសកម្រិតប្រកាសអាសន្ន លោក យុង គឹមហ៊ាន បានថ្លែងកោតសរសើរដល់ប្រជាពលរដ្ឋមួយចំនួន ដែលបានរកទីទួលសុវត្ថិភាពទាន់ពេលវេលា ដើម្បីការពារគ្រោះថ្នាក់ដោយទឹកជំនន់។ ក្នុងនាមកាកបាទក្រហមកម្ពុជា ក៏បានរំលែកនូវទុក្ខលំបាករបស់បងប្អូនក្នុងគ្រាដែលបានលះបង់ផ្ទះសំបែងមករស់នៅលើទីទួលសុវត្ថិភាព។
លោកផ្តាំផ្ញើឱ្យបងប្អូនត្រូវចេះថែរក្សាសុខភាព ត្រូវហូបទឹកស្អាតជានិច្ច ពិសេសមានការប្រុងប្រយ័ត្នក្នុងពេលទឹកឡើង ការពារកូនតូចៗ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។សម្ភារដែលនាំទៅផ្តល់ជូននៅពេលនេះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអីវ ១យួរ សារុង១ ក្រមា១ ភួយ១ មុង១ តង់១៕