(សៀមរាប)៖ តំណាងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឈ្មោះ នី ចាន់ពិនិត្យ បានដាក់លិខិតស្នើទៅអភិបាលខេត្តសៀមរាប ជួយអន្ដរាគមន៍ និងចាត់វិធានការចំពោះប្រជាពលរដ្ឋ ដែលចូលទៅចំការរបស់ខ្លួន នៅឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយមិនព្រមត្រឡប់ទៅផ្ទះវិញ។
ក្នុងលិខិតដាក់ជូនអភិបាលខេត្តសៀមរាប ដែលមានស្នាមមេដៃរបស់ឈ្មោះ នី ចាន់ពិនិត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបានអះអាងថា ខ្លួនធ្លាប់បានប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងដីចំការរបស់ខ្លួន ទាំងពីរទីតាំង ត្រូវចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ប៉ុន្ដែប្រជាពលរដ្ឋមិនព្រមចេញនោះឡើយ។
លោក នី ចាន់ពិនិត្យ បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំបាទបានធ្វើកិច្ចសន្យាថា ប្រកាសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋដែលបានស្នាក់នៅក្នុងចម្ការដីរបស់ខ្ញុំទាំង ០២ទីតាំងចាកចេញត្រឡប់ទៅផ្ទះវិញរៀងៗ ក្នុងរយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមវេលាម៉ោង១៧៖៣០នាទី ប៉ុន្តែរហូតមកដល់ពេលនេះ មានប្រជាពលរដ្ឋមួយចំនួនក្រៅពីក្រុមការងារគណបក្ស ពុំព្រមចាកចេញពីដីចំការខ្ញុំនៅឡើយ។
ក្នុងន័យនេះ ខ្ញុំបាទសូមគោរពស្នើសុំ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ ឬចំណាត់ការផ្លូវច្បាប់ឲ្យពួកគាត់ចាកចេញពីរដីចំការខ្ញុំបាទទាំង ០២ទីតាំង»។
យ៉ាងណាក៏ដោយ បណ្ដាញព័ត៌មាន Fresh News មិនទាន់ទទួលបានការឆ្លើយតប ជុំវិញលិខិតស្នើនេះពីរដ្ឋបាលខេត្តសៀមរាប ឬអភិបាលខេត្តសៀមរាបនៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ៕