(កំពង់ឆ្នាំង)៖ កងទ័ពរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ ធ្វេីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះប្រជាជនពីទឹកជំនន់។

បន្ទាប់ពីអញ្ជេីញក្នុងពិធីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះ បានឲ្យដឹងថា តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានរៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ស្របពេលដែលកម្ពុជានឹងជំនន់ទឹកភ្លៀង។

ទេសរដ្ឋមន្រ្តី បានបន្តថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញ មធ្យោបាយ និងសម្ភារៈរបស់ខ្លួន ដេីម្បីឆ្លេីយតបចំពោះសភាពការណ៍កេីតឡេីងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់។

ទន្ទឹមគ្នានេះ លោកទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់ថា ជាការត្រៀមបង្ការទៅនឹងការប្រែប្រួលអាកាសធាតុដែលប្រឈមដោយជំនន់ទឹកភ្លៀង កងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្តរាយសរុបចំនួន១៦កង របស់កងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ ដេីម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ ជាមួយការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណ:កម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាបលទីទួលសុវត្ថិភាពដែលសាងសង់រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន និងអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋផងដែរ។

បន្ថែមលេីសពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរ លោកទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋឲ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឲ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

សូមជម្រាបថា បន្ទាប់ពីអញ្ជេីញត្រួតពិនិត្យលំហាត់សមយុទ្ធ ទេសរដ្ឋមន្រ្តី គន់ គីម បានអញ្ជេីញក្នុងពិធីសំណេះសណាលជាមួយកងកម្លាំង និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋផងដែរ៕