(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិកម្ពុជា ដែលប៉ះក្រុមម្ចាស់ផ្ទះចិនតៃប៉ិ នាម៉ោង ១៨៖០០នាទីល្ងាចថ្ងៃនេះ បានចាប់ផ្តើម នាពេលបន្តិចទៀតនេះ ដោយមានការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ BTV-News ហើយ Fresh News TV ក៏បានចូលរួមផ្សាយផ្ទាល់ កម្មវិធីប្រកួតនេះផងដែរ។

លើសពីនេះ ដោយមានការសំណូមពរពីអ្នកគាំទ្រច្រើនលើសលប់ ទូរទស្សន៍ឈានមុខ BTV-News ក៏បានបន្ថែមនូវការចាក់បញ្ចាំង ផ្ទាំង LED សម្រាប់អ្នកគាំទ្រទស្សនានៅពហុកីឡដ្ឋានជាតិនាល្ងាចនេះទៀតផង នេះបើយោងតាម Facebook របស់ BTV។

នេះជាការជួបគ្នាក្នុងជើងទី១ នៃវគ្គជម្រុះបឋមនៃព្រឹត្តិការណ៍ពានរង្វាន់ជើងឯក ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019 ក្នុងទឹកដីរបស់ ចិនតៃប៉ិ (Chinese-Taipei) ដែលជាការជួបគ្នាលើកទី២ ចាប់តាំងពីកម្ពុជាធ្លាប់លេងឈ្នះចិនតៃប៉ិ ២-០ ម្តងកាលពីឆ្នាំ២០១៤ ក្នុងមិត្តភាពអន្តរជាតិ៕