(បន្ទាយមានជ័យ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានស្នើមន្រ្តីពាក់ព័ន្ធបន្តសហការគ្នានិងពន្លឿនការសាងសង់ឲ្យបានឆាប់រហ័សតាមកិច្ចព្រមព្រៀង ដែលបានកំណត់ ដើម្បីផ្តល់សេវាដល់ជូនជនរងគ្រោះ និងមានទីកន្លែងស្នាក់នៅបណ្តោះអាសន្នសមរម្យ មុនបញ្ជូនទៅសហគមន៍វិញ។
ការស្នើរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងខណៈលោក អញ្ជើញចុះពិនិត្យដំណើរការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ដែលស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២។
លោក វង សូត បានបន្ថែនថា នេះសមិទ្ធផលថ្មីមួយទៀត ដែលបានបង្ហាញពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ ដែលផ្តោតសំខាន់លើសុខុមាលភាពជនរងគ្រោះ និងងាយរងគ្រោះ។
លើសពីនេះ ក្រោមកិច្ចសហការជាមួយអង្គការដៃគូជាតិ និងអន្តរជាតិ មជ្ឈមណ្ឌលនេះ នឹងទទួលជនរងគ្រោះដែលធ្វើចំណាកស្រុកដោយប្រថុយប្រថានត្រលប់មកពីប្រទេសថៃ ផ្តល់ការហូបចុក ការស្នាក់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅសហគមន៍វិញ ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ចាប់ផ្តើមកសាងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៩,៧៦៨ ម៉ែត្រការ៉េ ដែលក្នុងនោះរួមមាន៖ អគារសម្រាប់ទទួលជនរងគ្រោះចំនួន ២ខ្នង (អគារសម្រាប់បុរស១ខ្នង និងនារី១ខ្នង), អគាររដ្ឋបាល ១ខ្នង, អគារអាហារដ្ឋាន ១ខ្នង និងអគារសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈរួមចំនួន ១ខ្នង ដែលថវិកានេះបានមកពីជំនួយរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃឡង់សរុបចំនួន ១,៤៥៩,៥៥៣ ដុល្លារសហរដ្ឋអាមេរិច ហើយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាចុងឆ្នាំ២០២៣ ខាងមុខនេះ៕