(ភ្នំពេញ)៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា តាមរយៈវេទិកាភ្នំពេញលើកទី១ នឹងធ្វើយ៉ាងណាឱ្យមានជាទម្រង់វេទិកាមួយ ដែលអាចបង្កើតជាការសន្ទនាខាងគោលនយោបាយប្រកបដោយលក្ខណស្ថាបនា និងការគិតគូមានលក្ខណៈបុរេសកម្ម (pro active)។

វេទិកានេះ ក៏ជាទម្រង់មួយដែលតួរអង្គទាំងអស់អាចជួយគ្នា ក្នុងការបង្កើតទំនាក់ទំនង ការបណ្ដុះបណ្ដាលទៅដល់ធនាគារខួរក្បាល អង្គការមិនមែនរាជរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា៖ «អ្វីដែលយើងឃើញនូវបញ្ហាប្រឈមខាងផ្នែកគិតគូរខាងគោលនយោបាយសាធារណៈ យើងឃើញធនាគារខួរក្បាល ផ្នែករដ្ឋាភិបាល សង្គមស៊ីវិល និងផ្នែកសារព័ត៌មាន គឺធ្វើការដាច់ដោយឡែកពីគ្នា ហាក់បីដូចជាមិនទាន់មានវេទិកាមួយសម្រាប់ធ្វើការជាមួយគ្នា ស្របពេលដែលតួរអង្គទាំងនេះ ជាតួរអង្គសំខាន់នៅក្នុងសង្គម»

ជាមួយគ្នានេះដែរ លោកបណ្ឌិត គិន ភា បានបន្តថា តួរអង្គសំខាន់ទាំងនេះ ជាមួយនឹងរដ្ឋាភិបាលក៏មិនទាន់បានធ្វើការឱ្យមានលក្ខណៈស្ថាបនា ដូច្នេះទើបបង្កើតឱ្យមានវេទិកាភ្នំពេញនេះឡើង គឺជាការបង្កើតនូវទម្រង់មួយ ឬវេទិកាមួយដែលអាចធ្វើឱ្យធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ អាចធ្វើការរួមគ្នា ហើយជួយផ្ដល់នូវអនុសាសន៍ គោលនយោបាយ សម្រាប់រាជរដ្ឋាភិបាល និងស្ថាប័នសាធារណៈផ្សេងទៀត ដើម្បីសន្ដិភាព ស្ថេរភាព វិបុលភាពជាពិសេស និរន្តរភាព បរិស្ថាន និងសុខសន្ដិភាពនៃពិភពលោក។

លោកបណ្ឌិត បានលើកឡើងថា វេទិកានេះមានការចូលរួមពីអង្គការដៃគូចំនួន១៥ ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ប្រទេសឥណ្ឌូនេស៊ី មេឡេស៊ី ឡាវ ថៃ វៀតណាម សហរដ្ឋអាមេរិក អូស្រ្ដាលី អាល្លឺម៉ង់ ជាដើម ដែលសុទ្ធតែជាស្ថាប័នធនាគារខួរក្បាល មានទាំងអង្គការក្រៅរដ្ឋាភិបាល សាកលវិទ្យាល័យ និងមូលនិធិក្នុងការគិតគូរៀបចំវេទិកានេះឡើង ដែលជាគំនិតផ្គួចផ្ដើមផ្ទាល់របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។

តាមរយៈវេទិកានេះ អ្វីដែលភាគីពាក់ព័ន្ធអាចទទួលបាន គឺធ្វើឱ្យមានទំនាក់ទំនងរវាងគ្នា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលអាចនិយាយថាជាចំណុចចាប់ផ្ដើមមួយដែលយើងអាចធ្វើការជាមួយគ្នា។ តាមរយៈវេទិកានេះក៏អាចរកឃើញនូវតួនាទីសំខាន់របស់ធនាគារខួរក្បាល អង្គការមិនមែនរដ្ឋាភិបាល និងសារព័ត៌មានក្នុងការរួមចំណែកស្ថាបនា ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នាសម្រាប់តំបន់ អន្តរជាតិ និងពិភពលោក។

វាគ្មិនសំខាន់ៗដែលចូលរួមក្នុងវេទិកានេះសរុបចំនួន ២២រូប មកពីកម្ពុជា ប្រទេសឥណ្ឌូនេស៊ី មេឡេស៊ី ឡាវ ថៃ វៀតណាម សហរដ្ឋអាមេរិក អូស្រ្ដាលី អាល្លឺម៉ង់ អ៉ីតាលី ជាដើម ដែលសុទ្ធតែជាអ្នកជំនាញ ធ្វើការក្នុងវិស័យគោលនយោបាយ និងអ្នកកាសែតជើងចាស់ និងទទួលបានការអប់រំជាន់ខ្ពស់ថ្នាក់បណ្ឌិត៕