(រតនគិរី)៖ បន្ទាប់ពីលទ្ធផលជំរឿនរកឃើញថា ចំនួនសត្វក្រៀលមានការធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេល ៣ឆ្នាំមកនេះ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តរតនគិរី និងអង្គការដៃគូ បាននិងកំពុងបង្កើនការអភិរក្សសត្វក្រៀលបន្ថែមទៀតនៅតំបន់ពងកូន នៃដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងស្រុកកូនមុំ ខេត្តរតនគិរី។
សត្វក្រៀលជាប្រភេទសត្វស្លាបមួយដែលមានវត្តមាននៅតំបន់អាស៊ីអាគ្នេយ៍ ហើយត្រូវបានចាត់ជាប្រភេទសត្វស្លាបកម្រ និងងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List)។ យោងតាមទិន្នន័យសិក្សាដោយអ្នកជំនាញ ចំនួនសត្វក្រៀល នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ មានចំនួនចន្លោះពី ១៣,០០០ ទៅ ១៥,០០០ក្បាល ដែលកំពុងរស់នៅក្នុងប្រទេសឥណ្ឌា ប្រទេសអូស្ត្រាលី ប្រទេសវៀតណាម ប្រទេសឡាវ និងប្រទេសកម្ពុជា។
ជុំវិញស្ថានភាពសត្វក្រៀលមានការថយចុះនេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្តរតនគិរី អង្គការដៃគូ រួមនឹងអ្នកសារព័ត៌មានជាតិ-អន្តរជាតិជិត២០ស្ថាប័ន ចុះត្រួតពិនិត្យដោយផ្ទាល់នៅតាំងជម្រកពងកូនរបស់សត្វក្រៀល នៅជាប់នឹងដែនជម្រកសត្វព្រៃលំផាត់ ភូមិសាស្ត្រស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ថ្មីៗនេះ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅកម្ពុជា កាលពីឆ្នាំ២០២០ តាមការធ្វើជំរឿនសត្វក្រៀល មានចំនួន ១៩៤ក្បាល ក៏ប៉ុន្ដែនៅឆ្នាំ២០២១ យើងឃើញថា មានការធ្លាក់ចុះនៅសល់តែ ១៦៤ក្បាលទេ ហើយនៅឆ្នាំ២០២២នេះ របាយការណ៍ដែលយើងមិនទាន់ប្រកាសជាផ្លូវការទេប៉ុន្ដែបានបញ្ជាក់ថា ចំនួនសត្វក្រៀលនេះ គឺធ្លាក់ចុះនៅសល់ត្រឹមជាង ១៥០ក្បាលទេ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា នៅចន្លោះពីខែមិថុនា ដល់ខែតុលាជារៀងរាល់ឆ្នាំ ជារដូវពងកូនរបស់សត្វក្រៀល ហើយវាលស្មៅជាសំបុកពងកូនរបស់សត្វក្រៀល។ ខណៈសត្វក្រៀលវាធ្លាប់បង្ហាញខ្លួននៅតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា ដូចជាតំបន់ការពារទេសភាពអន្ទង់ព្រីង ស្ថិតនៅក្នុងខេត្តកំពត តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ និងតំបន់ការពារទេសភាពអាងត្រពាំងថ្ម ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោកបានបន្តថា វត្តមានរបស់សត្វក្រៀលដែលបង្ហាញខ្លួននៅកន្លែងនោះ គឺមានទាំងមេ កូន និងបា ដោយរស់នៅជាគ្រួសារ ដើម្បីរកចំណីនៅតំបន់ទាំងនេះនៅចន្លោះពីខែវិច្ឆិកា ដល់ខែឧសភា។ ប៉ុន្ដែក្រោយពីខែនេះ គឺសត្វក្រៀលបាត់វត្តមាន ហើយការបាត់វត្តមាននេះ គឺសត្វក្រៀលបានមករកទីតាំង ដែលជាជម្រកពងកូន ដែលនៅទីតាំងវាលស្មៅដែលជាតំបន់ពងកូន ស្ថិតនៅដែនជម្រកសត្វព្រៃលំផាត់ ស្ថិតនៅស្រុកកូនមុំ ខេត្តរតនគិរី ក្នុងទំហំផ្ទៃដី ២៧០ហិកតានេះ។
លោកបានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា៖ «ផ្ទៃដី ២៧០ហិកតានេះ បើតាមមន្រ្ដីជំនាញ គឺមានសត្វក្រៀលចំនួន ៣គ្រួសារ ដែលមានសត្វក្រៀលសរុបប្រមាណ ១១ក្បាល ដែលមានវត្តមាននៅកន្លែងនេះក្នុងរដូវពងកូន ហើយជារើយៗ យើងឃើញមានសំបុកសត្វក្រៀលនៅកន្លែងនេះ»។
លោក នេត្រ ភក្រ្ដា បានបញ្ជាក់ថា អង្គការជីវិតធម្មជាតិ ទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថាន ក្នុងចូលរួមបច្ចេកទេសអភិរក្សសត្វក្រៀលនេះ និងបានធ្វើកិច្ចការងារយ៉ាងសំខាន់ដើម្បីសហការជាមួយនឹងសហគមន៍ ការពារសំបុកពងកូន សត្វក្រៀល សត្វត្រយ៉ងយក្ស និងសត្វស្លាបកម្រមួយចំនួនទៀត អ៊ីចឹង ដើម្បីបង្កើនឱ្យកាន់តែមានសុវត្ថិភាពថែមទៀតដល់សត្វក្រៀលនៅតំបន់នេះ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តបានផ្ដល់យោបល់ឱ្យអង្គការជីវិតធម្មជាតិនៅកម្ពុជា ដាក់ប៉មនៅជុំវិញតំបន់នេះ ដើម្បីឃ្លាំមើលដើម្បីកុំឱ្យមានអ្នកចូលមកក្នុងតំបន់ពងកូនរបស់សត្វក្រៀលក្នុងតំបន់នេះ»។
ទន្ទឹមនឹងនេះដែរ មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា ដើម្បីសុវត្ថិភាពផ្ទៃដីទំហំ ២៧០ហិកតានេះ គឺត្រូវបានរក្សាទុកជាតំបន់អភិរក្សជាទីជម្រកពងកូនរបស់សត្វក្រៀល ក្នុងនោះក្រសួងបានឱ្យធ្វើការបោះបង្គោលសម្គាល់តំបន់នេះ ដែលបច្ចុប្បន្នមានបង្គោលធំៗចំនួន១០ និងបង្គោលតូចៗ ចំនួន៧០ ដើម្បីបញ្ជាក់ថាតំបន់ទាំងនេះគឺជាតំបន់ដែលត្រូវការការពារ និងអភិរក្សនូវប្រភេទសត្វក្រៀល។
លោកបានបញ្ជាក់ថា តំបន់នេះ គឺត្រូវបានហាមឃាត់មិនឱ្យនាំសត្វឆ្កែស្រុកចូលឡើយ ពីព្រោះសត្វឆ្កែ អាចហិត ខ្លិនដឹង និងនាំម្ចាស់បំផ្លាញដល់ពងរបស់សត្វក្រៀល។ ក្រសួងក៏មិនអនុញ្ញាតឱ្យមនុស្សចូលក្នុងតំបន់ពងកូននេះនេះផ្ដេសផ្ដាស នាអំឡុងពេលវេលាចន្លោះពីខែមិថុនា ដល់ខែតុលា ដែលជាពេលវេលានៃការពង និងញាស់កូនរបស់សត្វក្រៀលផងដែរ។
បើតាមលោក ថុល សុវណ្ណារិទ្ធ ប្រធានគម្រោង នៃអង្គការជីវិតធម្មជាតិកម្ពុជា បានឱ្យដឹងថា នៅរដូវប្រាំង សត្វក្រៀលបានផ្លាស់ប្ដូរទីជម្រកពីជុំវិញបឹងទន្លេសាប មកតំបន់ពងកូនក្នុងដែនជម្រកសត្វព្រៃលំផាត់នេះ ដើម្បីប្រើប្រាស់សម្រាប់ការពងកូនរបស់សត្វក្រៀល។
អ្នកជំនាញរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «បញ្ហាដែលបរាជ័យក្នុងការអភិរក្សសត្វក្រៀល នៅក្នុងតំបន់ពងកូននេះ ភាគច្រើនគឺកើតឡើងមកពីមនុស្ស នាំឆ្កែស្រុកចូលទៅបរបាញ់ ឬយកពងរបស់ត្វក្រៀល ពីព្រោះសំបុកសត្វក្រៀលងាយស្រួលមើលឃើញ ដោយវាបានកាច់សំបុកនៅលើស្មៅ»។
លោក សុវណ្ណារិទ្ធ បានបញ្ជាក់ថា ក្រុមការងាររបស់អង្គការ និងសហគមន៍ បានធ្វើការងារជាប្រចាំក្នុងការអភិរក្ស និងថែរក្ស សំបុកសត្វក្រៀល និងទីជម្រករបស់សត្វក្រៀលក្នុងតំបន់ពងកូននៃដែនជម្រកសត្វព្រៃលំផាត់នេះ។
សម្រាប់ លោក នេត្រ ភក្ត្រា បានគូសរំឮកថា៖ «សត្វក្រៀលមានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរលង់ណាស់មកហើយ។ ប្រសិនបើសិនយើងបានទស្សនាប្រាសាទបាយ័ននៅ ខេត្តសៀមរាប យើងនឹងឃើញរូបចំលាក់សត្វក្រៀលដែលត្រូវបានឆ្លាក់ជាប់នឹងផ្ទាំងថ្ម។ នៅក្នុងទ្វីបអាស៊ី សត្វក្រៀល គឺជានិមិត្តរូបនៃជោគវាសនាល្អ និងអាយុយឺនយូរ។ ពួកវាក៏ត្រូវបានគេគិតថាជានិមិត្តរូបនៃមនោសញ្ចេតនាស្នេហាស្ម័គ្រស្មោះដោយយោងទៅតាមការភ្ជាប់ចំណងមេត្រីភាពរបស់ពួកវា។ នៅក្នុងប្រទេសភូមា សត្វក្រៀលត្រូវបានគេឃើញមានក្នុងពុទ្ធសាសនា»។
លោកបានបញ្ជាក់ថា ដូច្នេះនេះ ចំណុចមួយដែលត្រូវយកចិត្តទុកដាក់នៅក្នុងការការពារ ទីជម្រករបស់សត្វក្រៀលជាពិសេស គឺនៅតំបន់ពងកូន។ លោកថា ក្រសួងបរិស្ថានក៏ដូចជាអង្គការដៃគូ និងស្ថាប័នពាក់ព័ន្ធ កំពុងតែសិក្សាអំពីលទ្ធភាពនៃការបង្កើនរបាយសត្វក្រៀលនេះ តាមរយៈនៃការប្រើប្រាស់វិធីសាស្រ្ដ ដូចជាការបង្កើនការពងកូនតាមរយៈការបង្កាត់ជាដើម ដើម្បីបង្កើនដាក់ចូលទៅក្នុងតំបន់ធម្មជាតិ៕