(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ សមត្ថកិច្ចចុះត្រួតពិនិត្យតាមណ្តឹងចំនួន២ករណីទៀត ដែលអះអាងថា មានការបង្ខាំង និងជួញដូរពលកម្ម នៅខេត្តព្រះសីហនុ ដោយក្នុងនោះរកឃើញជនបរទេស៣នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
ការចុះស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្ដឹង តាមទំព័រទំព័រហ្វេសបុក សម្តេចក្រឡាហោម ដើម្បីសុំឲ្យមានការអន្តរាគមន៍សុំឲ្យជួយសង្គ្រោះជនបរទេស ដោយអះអាងថា បានក្រុមហ៊ុនចាប់បង្ខាំង ដើម្បីឲ្យនៅបំរើការងារនៅខេត្តព្រះសីហនុ។
* ករណីទី១ បានប្រតិបត្តិការ វេលាម៉ោង ១០៖៥០នាទី ដោយសមត្ថកិច្ចបានចុះមកដល់ទីតាំងក្រុមហ៊ុនមួយកន្លែង ឈ្មោះ ខៃ ប៉ (ឆាយណាថោន) ស្ថិតនៅ ភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ។ ដោយមានការសហការពីម្ចាស់ទីតាំង សមត្ថកិច្ចបានរកឃើញបុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ឈ្មោះ LEE CHIEN HUI អាយុ ៣៤ឆ្នាំ។
ក្នុងការសាកសួរ ឈ្មោះ LEE CHIEN HUI បានឲ្យដឹងថា គាត់បានចូលមកប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ តាមជើងយន្តហោះចុះនៅព្រលានអន្តរជាតិភ្នំពេញ ហើយក្រុមហ៊ុនបានដឹកមកធ្វើការនៅក្រុមហ៊ុនជីនស៊ួយ ផ្នែកទំនាក់ទំនងភ្ញៀវនិងរកបុគ្គលយកមកធ្វើការ។ គាត់ទទួលបានប្រាក់ខែ ១៥០០ដុល្លាក្នុង១ខែ រហូតដល់ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុនដដែលបានដូរទីតាំងមកជួលអាគារ G២ ក្នុងក្រុមហ៊ុន ខៃប៉ ធ្វើការវិញ។ នៅកន្លែងធ្វើការក្នុងក្រុមហ៊ុន ពុំមានអ្នកណាបង្ខាំង ឬធ្វើទារុណកម្មអ្វីមកលើរូបកាយគាត់ទេ គ្រាន់តែបិទសិទ្ធិមិនឲ្យចេញក្រៅបរិវេណអាគារ ក៏ប៉ុន្តែក្រុមហ៊ុនបានអនុញ្ញាតឲ្យដើរសេរីក្នុងបរិវេណក្រុមហ៊ុន។
តាមការបញ្ជាក់ពី ឈ្មោះ LEE CHIEN HUI ខាងលើ ថាគាត់ពុំបានប្តឹងសមត្ថកិច្ចទេ ហើយក៏ពុំបានដឹងថាអ្នកណាជាអ្នកប្តឹងដែរ ដោយគាត់ធ្វើការក្នុងក្រុមហ៊ុននេះស្រួលមិនបញ្ហាអ្វីសម្រាប់គាត់ទេ និងទទួលបានប្រាក់ខែខ្ពស់ទៀត។ គាត់មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ។
* ករណីទី២ គឺសមត្ថកិច្ចបានចុះពិនិត្យនៅក្រុមហ៊ុន ស៉ីនហ័រខឹ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ រកឃើញជនជាតិចិន២នាក់ ហើយពុំឃើញមានសម្ភារណាមួយពាក់ព័ន្ធបទល្មើស បង្ខាំង និងទារុណកម្មឡើយ និងហៅអ្នកគ្រប់គ្រង មកសួរបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
បើតាមលទ្ធផលនៃការសាកសួរ ឈ្មោះ LI CHUNXIA ភេទស្រី និងឈ្មោះ ZHANG YUNKAI ភេទប្រុស បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ពួកគាត់ជិះយន្តហោះពីខេត្តគ័ងចូវ ប្រទេសចិន មកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយបានចូលធ្វើការងារនៅក្រុមហ៊ុនមួយកន្លែងមិនចាំ នៅខេត្តកំពត។
បន្ទាប់មកក្រុមហ៊ុនបានផ្លាស់ប្តូរឲ្យពួកគាត់ធ្វើការជាច្រើនកន្លែង រហូតដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានប្តូរពួកគាត់មកក្រុមហ៊ុន ស៊ីហ័រខឹ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ជាបុគ្គលិកកុំព្យូរទ័រ ធ្វើការរយៈពេល ១៣ម៉ោងក្នុងមួយថ្ងៃ ទទួលប្រាក់ចំនួន ១,៣០០ដុល្លារ បើកទៀងទាត់ មិនការបង្ខាំងនិងធ្វើទារុណកម្មឡើយ។
នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ដោយទ្រាំធ្វើការងារច្រើនម៉ោងមិនបាន និងចង់ត្រលប់ទៅស្រុកកំណើតវិញ ពួកគាត់បានទាក់ទងសមាគមន៍ចិន ហើយគេឲ្យពួកគាត់ទាក់ទងបន្តទៅតេលេក្រាមលេខៈ 011 546677 ជនជាតិខ្មែរ ចេះភាសាចិន ដើម្បីប្តឹង។ លុះដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ មានសមត្ថកិច្ចមកដល់ជួយពួកគាត់តែម្តង៕